(សៀមរាប)៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅលេងកម្សាន្តខេត្តសៀមរាប មានការកើនឡើង៣.៩៨% ក្នុងថ្ងៃចូលឆ្នាំចិន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបដែល Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
របាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៩៣,៦០៥នាក់ មានការកើនឡើង៣.៩៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានតែចំនួនប្រមាណ ៩០,៨២៦នាក់ ប៉ុណ្ណោះដែលបានមកទស្សនាខេត្តសៀមរាប ពិសេសតំបន់រមណីយដ្ឋានអង្គរ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានគូសបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិ មានចំនួន៤១,៦០៥នាក់ គឺមានការកើនឡើង ២២.២៧ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន៣៤,០២៦នាក់។ ហើយភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៥,២ម៉ឺននាក់ មានការថយចុះ៧.១៤% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ចំនួនប្រមាណ ៥ម៉ឺន៦ពាន់នាក់។
លោកបានកត់សំគាល់ថា ឆ្នាំ២០១៩នេះ ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម មិនប៉ះចំថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ ហើយកាលពីឆ្នាំ២០១៨ ថ្ងៃចូលឆ្នាំប៉ះចំថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ តែចំពោះភ្ញៀវជាតិវិញ នៅព្រឹកថ្ងៃព្រហស្សតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហាក់មានការកើនឡើង។ ហើយការកើនឡើងនៃចំនួនភ្ញៀវជាតិនេះ អាចនឹងមានរហូតដល់ចុងសប្ដាហ៍នេះ គឺពីថ្ងៃទី៧-១០ ខែកុម្ភៈ ឆ្នាំ២០១៩៕