(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានក្រើនរំលឹកមន្ត្រីនគរបាលអន្តោប្រវេសន៍ រួមនឹងមន្ត្រីពាក់ព័ន្ធឲ្យចាត់វិធានការឲ្យបានតឹងរឹងទៅតាមច្បាប់របស់កម្ពុជាចំពោះជនបរទេសទាំងឡាយណា ដែលធ្វើខុសច្បាប់ ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយរបស់ង្គម។
ការក្រើនរំលឹករបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចុះស្រង់ស្ថិតិរបស់ជនបរទេសកំពុងស្នាក់នៅ បំពេញការងារ ក៏ដូចជាលេងកម្សាន្តក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
កិច្ចប្រជុំត្រួតពិនិត្យការងារស្រង់ស្ថិតិជនបរទេសនៅក្នុងខេត្តព្រះសីហនុនាព្រឹកមិញនេះ ដឹកនាំដោយដោយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នាសាលប្រជុំសាលាខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ ត្រូវជួបសហការជាមួយមន្ត្រីជំនាញរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាធ្វើកិច្ចចុះស្រង់ស្ថិតិជនបរទេសនាមូលដ្ឋាននេះ ដោយផ្អែកលើផ្លូវច្បាប់ឲ្យបានត្រឹមត្រូវ។
លោក ក៏បានគូសបញ្ជាក់ប្រាប់ក្រុមការងារថា ជនបរទេសដែលចូលមកកម្ពុជា ហើយធ្វើសកម្មភាពស្របច្បាប់របស់កម្ពុជា អាជ្ញាធរត្រូវតែគាំទ្រ និងការពារសុខសុវត្ថិភាពជូនពួកគេ។ ប៉ុន្តែចំពោះជនបរទេស ដែលចូលមកកម្ពុជា ហើយធ្វើសកម្មភាពល្មើសច្បាប់របស់កម្ពុជា សមត្ថកិច្ចត្រូវតែចាត់វិធានការតាមនីតិវិធីច្បាប់ ដោយមិនលើកលែងនោះទេ។
លោក យន្ត មីន បានថ្លែងថា វត្តមានជនបរទេសចម្រុះជាតិសាសន៍នាពេលបច្ចុប្បន្ននៅខេត្តព្រះសីហនុបានកើនឡើងច្រើន ជាពិសេសជនជាតិចិន។ លោកអភិបាលខេត្តបញ្ជាក់ថា កំណើនជនជាតិចិន ដែលកើនច្រើននេះ ដោយសារតែខេត្តព្រះសីហនុ កំពុងមានសន្ទុះនៃការអភិវឌ្ឍន៍ខ្លាំងតាមរយៈគម្រោងវិនិយោគជាច្រើន របស់ជនជាតិចិន។
លោក យន្ត មីន បន្តថា តាមរយៈនៃគម្រោងវិនិយោគរបស់ឈ្មួញចិន គឺទាក់ទងវិស័យសំណង់ ដោយបច្ចុប្បន្ននេះខេត្តព្រះសីហនុ មានអគារពាណិជ្ជកម្មធំៗ និងមានកម្ពស់រាប់សិបជាន់ជាច្រើនអគារ ដែលពីមុនមិនធ្លាប់មានពីមុនមកទេ។
ចំពោះកំណើនវត្តមានជនបរទេសចម្រុះជាតិសាសន៍នៅខេត្តព្រះសីហនុ តំណាងមន្ត្រីក្រុមការងារចុះជួយគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា មន្ត្រីខាងលើនេះ បានបែងចែកជា៣ប្រភេទ គឺទី១ ជនបរទេសដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគ, ប្រភេទទី២ ជនបរទេសដែលជាពលករ ឬកម្មករ ដែលចូលមកធ្វើការងារតាមក្រុមហ៊ុន និងការដ្ឋានសំណង់មួយចំនួន និងប្រភេទទី៣ គឺជាអ្នកទេសចរចល័ត។
របាយការណ៍បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា គិតចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលអន្ដោប្រវេសន៍ បានចុះត្រួតពិនិត្យតាមគោលដៅអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្រ្តៃយ៍ជនបរទេសចំនួន២,០៥២គោលដៅ ដែលមានជនបរទេសសរុបរួម៤០,៧៧០នាក់ ស្រី៨,៣៨៧នាក់ ក្នុងនោះមាន៥៧សញ្ជាតិ ដែលមានមុខរបរអាជីវកម្ម ចំនួន២១ប្រភេទ។
ស្នងការរងខេត្តព្រះសីហនុទទួលផែនអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី ហ៊ុន សុរិទ្ធី បានឲ្យដឹងថា ទិសដៅបន្តក្នុងការងារគ្រប់គ្រងជនអន្តោប្រវេសន៍ក្នុងខេត្តព្រះសីហនុ គឺបន្តសហការជាមួយមន្ត្រីជំនាញក្រសួងមហាផ្ទៃ និងបានចាត់តាំងកម្លាំងប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង នៅតាមការិយាល័យ។ បន្តការគ្រប់គ្រង ត្រួតពិនិត្យជនបរទេសគ្រប់ប្រភេទ ចូល-ចេញ ស្នាក់ធ្វើការងារប្រកបអាជីវកម្មផ្សេងៗ ក្នុងខេត្តព្រះសីហនុ។
លោកបន្តថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក៏នឹងបន្តបង្ការទប់ស្កាត់ជនបរទេសលួចជ្រៀតចូលខុសច្បាប់ និងស្រាវជ្រាវស្វែងរកជនបរទេសស្នាក់នៅខុសច្បាប់ និងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញធរមូលដ្ឋាន ឲ្យបានល្អប្រសើរថែមទៀត ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដល់ជនបរទេសក្នុងខេត្តព្រះសីហនុ៕