(ត្បូងឃ្មុំ)៖ ករណីផ្ទះប្រជាពលរដ្ឋ៤ខ្នងត្រូវអគ្គិភ័យឆេះ ក្នុងស្រុងមេមត់ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិជាង១០ម៉ឺនដុល្លារ កើតឡើងពីការដុតសំរាម។ នេះបើយោងតាមសមត្ថកិច្ចស្រុកមេមត់ បានប្រាប់ Fresh News ឲ្យដឹងថា នៅមុននេះបន្តិច។
សូមជំរាបថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៩៖០០នាទីព្រឹក ស្ថិតនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានអគ្គិភ័យមួយបានកើតឡើង ឆាបឆេះផ្ទះប្រជាពលរដ្ឋបន្តបន្ទាប់។
សមត្ថកិច្ចអធិការដ្ឋានស្រុកមេមត់ បានឲ្យដឹងបន្តថា ករណីអគ្គិភ័យឆេះលេបត្របាក់ ផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នងទាំងស្រុងនេះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត សរុបជាទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារ។ សមត្ថកិច្ចបន្តថា ហេតុការណ៍នេះបណ្តាលមកពី ការដុតសំរាមខាងក្រោយផ្ទះ របស់ម្ចាស់ផ្ទះម្នាក់ក្នុងចំណោមនោះ តែមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់ទេ។
បន្ទាប់ពីមានការអន្តរាគមន៍ភ្លាមៗ ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ អគ្កិភ័យដ៏សន្ធោសន្ធៅនេះ ត្រូវបានគ្រប់គ្រង និងបាញ់ទឹកពន្លត់រលត់វិញទាំងស្រុង នៅវេលាម៉ោងប្រមាណ១១៖០០នាទីព្រឹក ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង។ ក្នុងនោះមានរថយន្តរបស់អធិការដ្ឋាននគរបាល ស្រុកមេមត់ ស្នងការខេត្ត ស្រុកពញាក្រែក និងស្រុកតំបែរ ដោយប្រើប្រាស់ទឹកអស់១៥ស៉ឺទែន កម្លាំងនគរបាលពន្លត់អគ្គិភ័យ៦០នាក់ផងដែរ៕