(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន JCB International Co., Ltd. (JCBI)ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JCB Co., Ltd បានប្រកាសជាសាធារណៈដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឥណពន្ធ អេស៊ីលីដាជេស៊ីប៊ី (ACLEDA JCB Debit Card)នៅប្រទេសកម្ពុជា។

ពិធីប្រកាសឱ្យប្រើប្រាស់ប័ណ្ណឥណពន្ធអេស៊ីលីដាជេស៊ីប៊ីនេះ បានត្រូវធ្វើឡើងនៅការិយា​ល័យ​កណ្តាលធនាគារអេស៊ីលីដា ភ្នំពេញ កាលពីរសៀលថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដាភីអិលស៊ីនិងលោក Kimihisa Imada អគ្គនាយកនិងជាប្រធានប្រតិបត្តិការរបស់JCBIរាជធានីភ្នំពេញ ។

ប័ណ្ណឥណពន្ធ អេស៊ីលីដាJCB ផ្តល់ជូនអតិថិជននូវមុខងារ ឌីជីថល ជាច្រើន ដែលអាចឲ្យអតិ​ថិជនមានជម្រើសក្នុងការទូទាត់ប្រាក់ដុល្លារ និងប្រាក់រៀលអាស្រ័យលើប្រភេទប័ណ្ណ។

អតិថិជន ដែលជាម្ចាស់ប័ណ្ណឥណ្ណពន្ធ អេស៊ីលីដា JCB មិនត្រឹមតែអាចប្រើប្រាស់ប័ណ្ណនៅតា​មបណ្តាញភ្នាក់ងារទូទាត់JCBប្រមាណ៣០លានទីតាំងទូទាំងសកលលោកនោះទេ តែថែមទាំងអាចធ្វើប្រតិបត្តិការដែលJCB បានផ្តល់សិទ្ធិនិងបញ្ចុះតម្លៃ នៅតាមភោជនីយដ្ឋាន និងបណ្តាហាងទំនិញនានានៅក្នុងសកលលោកទៀតផង។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងថា «ធនាគារអេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុន​JCBI លំដាប់ពិភពលោ​ក​ខាងផ្នែកសេវាកម្មទូទាត់មានគុណភាពខ្ពស់លំដាប់អន្តរជាតិ មានទីតាំងនៅប្រទេសជប៉ុន បានជ្រើសរើសយកធនាគារអេស៊ីលីដា ភីអិលស៊ី ជាដៃគូយុទ្ធសាស្រ្តក្នុងការធ្វើសហប្រតិបត្តិការបម្រើសេវាកម្មទូទាត់»។

លោកបណ្ឌិត បានថ្លែងបញ្ជាក់ថា «តាមរយៈកិច្ចព្រមព្រៀងនេះអតិថិជន សមាជិកប័ណ្ណ និងភា្នក់ងារទូទាត់របស់ធនាគារអេស៊ីលីដាភីអិលស៊ីនិងJCBI អាចពង្រីកប្រតិបត្តិការទូទាត់ជាសក​ល​នៅតាមបណ្តាញធនាគារ អេស៊ីលីដា ភីអិលស៊ី និងJCBI ជាង៣០លានទីតាំង និងទីតាំងសម្រាប់ការធ្វើប្រតិបត្តិការដកប្រាក់បុរេប្រទានជាង១លានកន្លែងនៅក្នុងសកលលោក។

ចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះ គឺសមាជិកប័ណ្ណអេធីអឹមរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចទទួលបានប័ណ្ណសហនិ​មិត្តសញ្ញារវាង ធនាគារអេស៊ីលីដា ភីអិលស៊ីនិងJCBI តាមការស្នើសុំ(ប័ណ្ណសហនិមិត្តសញ្ញាអាចធ្វើប្រតិបត្តិការទូទាត់យ៉ាងសម្បូរបែប)។

ម្យ៉ាងវិញទៀត ប័ណ្ណនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើប្រតិ​បត្តិការទូទាត់នៅក្នុង និងក្រៅប្រទេសប៉ុណ្ណោះទេថែមទាំងជួយសម្រួលដល់សមាជិកប័ណ្ណ និងភ្នាក់ងារទូទាត់ របស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងJCBI ក្នុងការធ្វើប្រតិបត្តិការទូទាត់យ៉ាងសម្បូរបែបធ្វើប្រតិបត្តិការទូទាត់នៅលើសកលលោកនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាតាមតម្រូវការ» ។

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានលើកឡើងថា «ប័ណ្ណឥណពន្ធនេះ ហាក់មានប្រជាប្រិយខ្លាំង ដោយគ្រាន់តែចាប់ផ្តើម មានអ្នកស្នើសុំប្រមាណ២ម៉ឺននាក់រួចទៅហើយ»។

លោកបានបន្តថា បានជាអេស៊ីលីដា ជ្រើសរើសយកJCBជាដៃគូ ព្រោះJCB ជាក្រុមហ៊ុនធំល្បីល្បាញ លំដាប់ពិភពលោកនិងមានបណ្តាញទូទាំងពិភពលោកជាង៣១លានទីតាំង។ អេស៊ីលីដាជាធនាគារធំជាងគេ នៅកម្ពុជានិងមានបណ្តាញធំ តែនៅក្នុងពិភពលោកយើងមិនមែនជាធនាគារធំទេ ។ក្នុងនាមជាធនាគារដែលមានចរិតបម្រើប្រជាជន យើងចង់ឱ្យអតិថិជនល្អរបស់យើងប្រើសេវាកម្មធនាគារអេស៊ីលីដា ក្នុងមធ្យោបាយទូទាត់ អាចទូទាត់បានជាលក្ខណៈសកលទូទាំងពិភពលោក»។

លោក បណ្ឌិត អ៊ិន ចាន់នី បានបន្តឱ្យដឹងថា «សព្វថ្ងៃអេស៊ីលីដា មានប័ណ្ណឥណពន្ធជាង១លានប័ណ្ណ ហើយដាក់ឱ្យប្រើប្រាស់សព្វថ្ងៃ តែការទូទាត់នេះមាននៅក្នុងប្រទេសកម្ពុជា និងមានបណ្ណខ្លះទៀតជាមួយដៃគូនានា ទូទាត់ជាលក្ខណៈអន្តរជាតិ តែយើងចង់បើកទូលាយឱ្យមានដៃគូចម្រុះដើម្បីឱ្យអតិថិជនមានការងាយស្រួលក្នុងការជ្រើសរើសលើការទូទាត់នេះ»។

លោក គីមីហ៊ីសា អ៊ីម៉ាដា អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិការរបស់ JCBI បានថ្លែងថា «ក្រុមហ៊ុន JCB International Co., Ltd (JCBI) មានសេចក្តីសោមនស្សរីករាយដែលធនា គារអេស៊ីលីដា ភីអិលស៊ីដែលជាធនាគារឈានមុខធំបំផុតក្នុងប្រទេសកម្ពុជា បានក្លាយជាដៃគូពាណិជ្ជកម្មជាមួយ JCB ក្នុងការបម្រើសេវាប័ណ្ណឥណពន្ធដល់អតិថិជនរបស់ស្ថាប័នទាំងពីរ និងសាធារណជនទូទាំងពិភពលោក។ខ្ញុំបាទជឿជាក់ថាភាពជាដៃគូនេះនឹងផ្តល់ឱកាសជាច្រើនបន្ថែមទៀត ដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ក្នុងការពង្រីកពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ដែលនេះជាការបង្ហាញពីសក្តានុពលខ្ពស់នាថ្ងៃអនាគត ខណៈសេដ្ឋកិច្ចកំពុងបោះជំហានលូតលាស់យ៉ាងរលូន»

លោកអគ្គនាយក និងជាប្រធាននាយកប្រតិបត្តិការរបស់ JCBI បានឱ្យដឹងថា ប័ណ្ណឥណពន្ធអេស៊ីលីដាជេស៊ីប៊ី អាចប្រើប្រាស់នៅទូទាំងពិភពលោកលើ៣១លានទីតាំង។នៅតំបន់អាស៊ី មាន៣,០០០កន្លែង ដែលមានការបញ្ចុះតម្លៃពិសេស២០ទៅ៣០ភាគរយ និងមានជាង១,០០០កន្លែង នៅជប៉ុន សម្រាប់កន្លែងដែលមានស្លាកសញ្ញាអេស៊ីលីដាជេស៊ីប៊ី ៕