(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញប្រកាសដើម្បីកែសម្រួលការតែងតាំងមន្រ្តីទូតមួយចំនួន។ នេះបើយោងតាមសេចក្តីប្រកាស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមប្រកាសបានឲ្យដឹងថា ក្រសួងបានសម្រេច​លុប​ចោល ការ​តែងតាំង​មន្ត្រី​រាជការ​ចំនួន​២រូប ដែលមាន​ក្នុង​ប្រកាស​ចុះថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ដូចខាងក្រោម៖

* ១៖ លោក ហេង ហុក ជា​លេខាធិការ​ទី១ នៃស្ថាន​ឯក​អគ្គរាជទូត និងអ​ង្គការ​អន្តរជាតិ ប្រចាំ​សហភាព​មីយ៉ាន់ម៉ា។

* ២៖ កញ្ញា តាន់សូលីដា ជា​លេខាធិការ​ទី១ នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​មន្ទីរ​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

ក្រៅពីនេះ ក្រសួងការបរទេស ក៏​បាន​សម្រេច​តែងតាំង​មន្ត្រី​រាជការ​ ឱ្យ​ទៅ​បំពេញ​ភារកិច្ច​ នៅក្រៅប្រទេសរួមមាន៖

* ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហភាព​មីយ៉ាន់ម៉ា គឺ​លោក ម៉ៅ ដារ៉េត ត្រូវបានតែងតាំងជា​លេខាធិការ​ទី១ ជំនួស​លោក សូ ប៊ុណ្ណា។

* ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​មន្ទីរ​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅទី​ក្រុងហ្សឺណែវ ប្រទេស​ស្វីស គឺ​លោក សាយ ប៊ុនឆេង ត្រូវបាន​តែងតាំង​ជា​លេខាធិការ​ទី១ ជំនួសលោក វ៉េ វុទ្ធា ផងដែរ។

ក្រៅពីនេះ លោក ហេង ហុក ក៏ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​សវនកម្ម​ផ្ទៃក្នុង ជំនួស​លោក ប៉ូ ស៊ីវុត្ថា ដែលចូល​និវត្តន៍ ផងដែរ៕