(កណ្តាល)៖ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម Facebook ក៏ដូចជាអង្គភាពព័ត៌មាន Fresh News ស្តីពីសកម្មភាព ចាក់សំរាមចូលទន្លេបាសាក់ នៅចំណុចកំពង់ចម្លងក្បាលកោះអន្លង់ចិន មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកណ្តាល នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះទៅស្រាវជ្រាវ ដើម្បីស្វែងរកមុខអ្នកចាក់សំរាម ចូលទន្លេបាសាក់នោះហើយ។
គួរជំរាបថា ប្រជាពលរដ្ឋមួយចំនួនតូចដែលមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណពិតប្រាកដ បានយកសំរាមបោះចូលក្នុងទឹកទន្លេបាសាក់ ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង។
យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តកណ្តាល ដែលបានផ្ញើមក Fresh News បានអះអាងថា មន្ត្រីខ្លួនបានចុះទៅស្រាវជ្រាវ ស្វែងរកមុខអ្នកចាក់សំរាមនៅចំណុចកំពង់ចម្លង ក្បាលកោះអន្លង់ចិនហើយ។ របាយការណ៍បន្តថា ក្រុមការងារបានចុះទៅជួបអាជ្ញាធរឃុំស្វាយរលំ ដោយអាជ្ញាធរប្រាប់ថា មិនអាចកំណត់រកមុខសញ្ញាច្បាស់ ព្រោះនៅមានភាពស្រពិចស្រពិល និងមិនស្គាល់មុខអ្នកបោះសំរាមឡើយ។
ជាមួយគ្នានេះ ក្រុមការងារ បានទៅសាកសួរអ្នកលក់បន្លែ នៅក្បែរកន្លែងកើតហេតុ និងបានសន្និដ្ឋានថា អ្នកលក់ដូរទាំងនោះ គឺជាអ្នកបោះសំរាមចោលក្នុងទន្លេ តែមិនហ៊ានសារភាព។ មន្ត្រីបរិស្ថាន បានប្រគល់ការងារនេះ ជូនទៅអាជ្ញាធរឃុំ ដើម្បីស្រាវជ្រាវបន្ត ក្នុងការកំណត់មុខអ្នកចោលសំរាមពិតប្រាកដ ទុករាយការណ៍ជូនថ្នាក់លើ។
សូមបញ្ជាក់ថា ខ្លឹមសារដែលអង្គភាពព័ត៌មាន Fresh News បានបង្ហោះមានចេតនាល្អ ដោយបានសំណូមពរ ដល់អាជ្ញាធរក្រុងតាខ្មៅ សូមជួយពន្យល់អប់រំណែនាំ អប់រំដល់ប្រជាពលរដ្ឋគាត់ផង ដើម្បីបរិស្ថានស្អាត។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ រស់តាមដងទន្លេទាំងអស់ រួមគ្នាការពារបរិស្ថាន កុំនាំគ្នាបោះសំរាមចូលទឹកទន្លេឡើយ៕