(ភ្នំពេញ)៖ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោក Lars Buechler, Head of Programme Agriculture and Food Security, តំណាង Swiss Development and Cooperation - SDC នៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនេះដែរ លោកទេសរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស បានចូលរួមចំណែកផ្តល់ជំនួយថវិកាគាំទ្រដល់ការបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលកំពុងអនុវត្តដោយអាជ្ញាធរមីន ដោយមានការគាំទ្របច្ចេកទេសពីអង្គការ UNDP។
លោក Lars Buechler បានមានប្រសាសន៍ថា ប្រទេសស្វីសនឹងបន្តផ្តល់ថវិកាប្រមាណ ៦លានដុល្លារ សហរដ្ឋអាមេរិកគាំទ្រដល់ការបោសសម្អាតមីននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៥ បន្តទៀត។
ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩នេះ ប្រទេសស្វីសបានផ្តល់ថវិកាគាំទ្រដល់ការបោសសម្អាតមីនប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក ដែលបានផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ដើម្បីធ្វើកសិកម្ម សាងសង់លំនៅដ្ឋាន និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕