(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចដាក់ចេញនូវបញ្ជា និងផែនការថ្មី ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព។

ផែនការថ្មីដែលបានដាក់ចេញកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា មានគោលបំណងទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មើសធនធានធម្មជាតិមានដូចជា ការកាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូនឈើ និងការនាំចេញឈើដោយខុសច្បាប់ ការបាញ់ការចាប់សត្វព្រៃ ដែលច្បាប់ហាមឃាត់ និងការនាំចេញសត្វព្រៃដោយខុសច្បាប់ ការកាប់រានទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋ ព្រមទាំងការរុករករ៉ែដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

បទបញ្ជាថ្មីនេះ ក៏ដើម្បីអង្កេត ស្រាវជ្រាវរកជនដែលប្រព្រឹត្តបទល្មើស និងជនដែលមានការពាក់ព័ន្ធសកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូននាំចេញឈើល្មើសច្បាប់ក៏ដូចជាជនដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ, ចាប់ខ្លួនជនសង្ស័យ និងប្រមូលផ្តុំរាល់វត្ថុតាងដែលទាក់ទងជាមួយបទល្មើសធនធានធម្មជាតិ ហើយរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការស្របតាមនីតិវិធីនៃច្បាប់ដែលចូលជាធរមាននៅក្នុងប្រទេសកម្ពុជា។

បទបញ្ជានេះក៏ធ្វើឡើងក្នុងបំណងប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ បង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសធនធានធម្មជាតិ ដែលអាចនឹងកើតមានឡើង ជាពិសេសនៅបណ្តាខេត្តភូមិភាគឦសាន។

តាមរយៈបទបញ្ជាថ្មីដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសំណូមពរគ្រប់បណ្តាអង្គភាពដែលមានការពាក់ព័ន្ធទាំងអស់ត្រូវប្រមូលផ្តុំកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងចាត់ចែងគ្រប់វិធានការជំនាញ ដើម្បីចូលរួមសហការអនុវត្តផែនការនេះអោយសម្រេចបានជោគជ័យ។ សហការគ្រប់បណ្តាអង្គភាពជំនាញទាំងអស់ដើម្បីផ្លាស់ប្តូរព័ត៌មាន និងប្រើប្រាស់គ្រប់យន្តការ គ្រប់មធ្យោបាយ ដើម្បីច្បាមអោយជាប់នូវរាល់សភាពការណ៍ព័ត៌មានដែលទាក់ទងទៅនឹងបទល្មើសធន
ធានធម្មជាតិ។ តាមរយៈព័ត៌មានដែលទទួលបាននេះ ត្រូវមើលឲ្យឃើញ និងវិភាគឲ្យបានច្បាស់ មុននឹងចាត់វិធានការបង្ក្រាបបទល្មើស និងចាប់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿង
បញ្ជូនទៅតុលាការ។

លោក សៅ សុខា ក៏បានសំណូមពរឲ្យគ្រប់បណ្តាអង្គភាពដែលមានការពាក់ព័ន្ធ ត្រូវត្រួតពិនិត្យជាប្រចាំមេបញ្ជាការទទួលខុសត្រូវគ្រប់គ្រងកម្លាំងត្រៀមបង្ក្រាបបទល្មើសធនធានធម្មជាតិទាំងមធ្យោបាយ គ្រឿងបំពាក់ត្រូវមានគ្រប់លទ្ធភាព
ដើម្បីធានាឆ្លើយតបទៅនឹងគោលបំណងខាងលើ។ ក្នុងនោះមេបញ្ជាការគ្រប់បណ្តាអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ និងចូលរួមសហការក្នុងការអនុវត្តផែនការនេះ ឲ្យសម្រេចបានជោគជ័យ។

នាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេចកំណត់ទិសដៅផែនការងារជា៣ទិស។ ទិសទី១ មាន៖ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនៈគិរី, ទិសទី២ មាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ដោយឡែកទិសទី៣ មាន៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកោះកុង។

ក្នុងផែនការថ្មីដែលរំពឹងថា នឹងចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមានប្រសិទ្ធភាពខ្ពស់នេះ មានប្រើប្រាស់កម្លាំងសរុប ៦៩០នាក់ និងមធ្យោបាយមានរថយន្ត ម៉ូតូ ទូក និងអូប័រសរុប ២២៤គ្រឿង៕