(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានថ្លែងថា មានសន្តិភាព គឺមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋខ្មែរ បាន និងកំពុងដើរកម្សាន្តតាមបណ្តាខេត្ត និងបណ្តាតំបន់កម្សាន្តនានា យ៉ាងសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០១៩នេះ។

សម្តេចបានលើកឡើងថា៖ «នៅក្នុងថ្ងៃចូលឆ្នាំចិន យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងទេសចរចេញទៅកំសាន្ត នៅតាមរមណីយដ្ឋានជាច្រើន ជាពិសេសនៅតំបន់សមុទ្រ។ ក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ ចរាចរណ៍ក៏មិនសូវស្ទះ គឺដោយសារបងប្អូនចេញទៅជួបជុំក្រុមគ្រួសារ និងកំសាន្តសប្បាយនៅតាមបណ្តាខេត្ត និងចេញក្រៅប្រទេស»

សម្តេចបានបន្តទៀតថា៖ «សព្វថ្ងៃនេះ មធ្យោបាយធ្វើដំណើរមានគ្រប់ជម្រើស ហើយផ្លូវធ្វើដំណើរក៏កាន់តែងាយស្រួល រីឯសុវត្ថិភាពសន្តិសុខគឺធានាបានល្អនៅគ្រប់ទីកន្លែង ដែលកាន់តែផ្តល់ឱកាសអោយពលរដ្ឋ និងទេសចរទៅកំសាន្តសប្បាយដោយគ្មានការភ័យព្រួយ។ មានសន្តិភាព គឺមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស»

ទន្ទឹមនឹងការលើកឡើងបែបនេះ សម្តេចតេជោ ហ៊ុន សែ៊ន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បើកបរគោរពច្បាប់ចរាចរណ៍ និងយោគយល់ខ្ពស់ឱ្យគ្នាទៅវិញទៅមក។ កុំបើកវ៉ាប្រជែងគ្នានៅលើស្ពាន ឬលើផ្លូវកោងតូចចង្អៀត ឬមានឡានសណ្តោងធំៗ ចៀសវាងគ្រោះថ្នាក់ដោយចៃដន្យណាមួយ ដែលធ្វើឱ្យយើងសោកស្តាយអស់មួយជីវិត ជាពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្តេជ្ញាចិត្តជាថ្មី ក្នុងការធានារក្សាឲ្យបាននូវសុខសន្តិភាព ដែលកំពុងគ្រប់ដណ្តប់ទូទាំងផ្ទៃប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យសង្គ្រាម វិនាសកម្មបំផ្លាញប្រទេស បំផ្លាញក្តីសុខប្រជាពលរដ្ឋ កើតមានជាថ្មីនោះឡើយ៕