(ស្វាយរៀង)៖ ថ្វីដ្បិតតែខេត្តស្វាយរៀង ពុំសូវមានប្រាសាទបូរាណ និងរមណីយដ្ឋាន ភ្នំព្រឹក្សាក៏ពិតមែន តែខេត្តមួយនេះក៏មានភ្ញៀវទេសចរឆ្លងកាត់ ព្រមទាំងដើរលេងក្នុងខេត្តច្រើនផងដែរ។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរក៏ដូចមន្ទីរជំនាញ នឹងរៀបចំកន្លែងកម្សាន្ត ក៏ដូចជារមណីយដ្ឋាន ដែលប្រកបទៅដោយសេវាល្អ ទីកន្លែងល្អនាពេលអនាគត។
បើតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ខេត្តស្វាយរៀងសព្វថ្ងៃ មានប្រាសាទ២កន្លែង និងរមណីយដ្ឋាន៣កន្លែង និងទីទួលបូរាណមានចំនួន៦៧៣ទួល ដែលអាចទាក់ទាញភ្ញៀវទេសចរក្នុងខេត្ត ក៏ដូចភ្ញៀវបរទេសមកទស្សនាកម្សាន្តផងដែរ។
លោកបានបញ្ជាក់ថា ដោយសារកត្តាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយល្អក្នុងប្រទេសកម្ពុជា ទើបមានភ្ញៀវទេសចរដើរលេងកម្សាន្តច្រើន សម្រាប់នាពេលបច្ចុប្បន្ននេះ ដោយមានប្រាសាទពីរ គឺប្រសាទ «ព្រៃបាសាក់» ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ និងប្រាសាទចំណាស់មួយទៀត គឺប្រសាទ «ជាហោ» ជាប្រាសាទប្រវត្តិសាស្ត្រមួយ នៅជិតព្រំដែនវៀតណាម ស្ថិតក្នុងឃុំគគីរស្រុករមាសហែក។ ចំណែកឯរមណីយដ្ឋានវិញ មាន៣ក្នុងនោះមានរមណីយដ្ឋានចំការកូនព្រៃគគីរ នៅសង្កាត់បាទីក្រុងបាវិត រមណីយដ្ឋានទឹកវិល ស្រុករមាសហែក និងរមណីយដ្ឋានប្រាសាទបាសាក់។
នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ ភ្ញៀវទេសចរមកទស្សនារមណីយដ្ឋាន មានចំនួនសរុប ៦៥៧នាក់ ស្រី៣៤១នាក់ ក្នុងនោះជនបរទេស ៣០នាក់ ស្រី១០នាក់ មានការថយចុះចំនួន ១,១៤២នាក់ ស្មើនឹង៦៣.៤៧% បើធៀបនឹងឆ្នាំ២០១៨ មាន១,៧៩៩នាក់ ហើយភាគច្រើននៃភ្ញៀវទេសចរមក គឺក្នុងគោលបំណងទេសចរណ៍។ នេះបើតាមលោក វ៉ាន សារ៉ាត បានបញ្ជាក់បន្ថែម។
ពាក់ពន្ធ័ទៅនឹងវិស័យទេសចរណ៍ក្នុងខេត្តស្វាយរៀងនេះដែរ ប្រជាពលរដ្ឋសំណូមពរដល់មន្ត្រី ទាំងអស់សូមធ្វើយ៉ាងណា ឲ្យតំបន់ប្រសាទដែលមានពីរកន្លែងនេះ មានសោភ័ណភាពល្អ ជាពិសេសប្រាសាទ «ជាហោ» ដែលនៅជិតតំបន់ព្រំដែនវៀតណាម ដែលពុំសូវមានភ្ញៀវទេសចរទៅដល់។ ប្រជាពលរដ្ឋចង់ឃើញតំបន់នេះ ត្រូវបានយកចិត្តទុកដាក់រៀបចំ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញផងព្រោះខេត្តស្វាយរៀង ពុំសំបូរប្រាង្គប្រាសាទនោះទេ៕