(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានថ្លែងសារដាស់តឿន ដល់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិថា ការជឿជាក់ទៅលើលោក សម រង្ស៉ី ដែលជាមេដឹកនាំហួសសម័យ គឺជារឿងឆ្កួតលីលា។
តាមរយៈបណ្តាញសង្គម Facebook របស់ខ្លួន, លោក គង់ គាំ បានចេញមុខវាយប្រហារជាថ្មីចំពោះលោក សម រង្ស៉ី ដោយចាត់ទុកថា នយោបាយស្ទើរៗរបស់ប្រធានស្តីទីគណបក្សខ្មោចនេះ រលំរលាយអស់ហើយ។
លោក គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជឿ សម រង្ស៊ី មេដឹកនាំជ្រុលសម័យ ហួសហេតុនិយម អំពីអ្វីដែលមិនអាចកើតឡើងបាន គឺជាភាពលីលាបំផុត។ នយោបាយធុងៗរបស់សម រង្ស៊ី គឺកំពុបអស់ច្របូកច្របល់អស់ រលំរលាយអស់»។
លោក គង់ គាំ បានបន្តថា ភាសា និងអំពើត្រៀមធ្វើរបស់សម រង្ស៊ី អំពីការងើបឡើងផ្ដលរំលំអំណាច ដែលកំពុងគ្រប់គ្រងប្រទេស ដើម្បីភាពស្រមើស្រមៃទាំងឡាយ គឺអំពើប្រទូស្តរាយភាពអន្តរាយ តាំងពីដើមទីរហូតទីបញ្ចប់។ លោកថា គណបក្សឆន្ទៈខ្មែរ ដែលស្របច្បាប់ ស្ថិតក្នុងបញ្ជីស្រាប់ (ជាគណបក្សប្រឆាំងថ្មី -រូបសញ្ញាព្រះអាទិត្យថ្មី -ជាជម្រើសថ្មី -ដើម្បីការផ្លាស់ប្តូរថ្មី) ដែលចូលរួមទាំងការការពារ ការកសាង ទាំងការប្រកួតប្រជែងឲ្យមានការផ្លាស់ប្តូរតាមក្រឹត្យក្រម (គតិច្បាប់) ដោយសន្តិវិធីតទៅ។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលើបណ្តាញសង្គមដ៏មានប្រជាប្រិយ លោក សុខ សុគន្ធ ហៅ ជេម សុខ ក៏បានទម្លាយថា ក្រោយពីលោក សម រង្ស៉ី ប្រកាស ប្តេជ្ញាវិលស្រុកវិញនោះ មានខ្មែរនៅអាមេរិកមួយចំនួន ដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បាននាំគ្នាធ្វើប្រវត្តិរូបជូនក្រុមការងាររបស់ពួកគេ ដើម្បីទទួលយកតំណែងផ្សេងៗ។
លោក សុខ សុគន្ធ ក៏បានសម្តែងការហួសចិត្តជាខ្លាំងផងដែរ ចំពោះការឆោតល្ងង់របស់អ្នកគាំទ្រ អតីតគណបក្សសង្គ្រោះជាតិនៅអាមេរិកមួយចំនួន ដែលពួកគេបានទៅរស់នៅប្រទេសមួយមានការជឿនលឿន និងអប់រំខ្ពស់ហើយ នៅតែបន្តជឿលើការឃោសនាបោកប្រាស់ របស់លោក សម រង្ស៉ី។
សូមបញ្ជាក់ដែរថា នៅពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៉ី បានប្រកាសបង្ហាញការប្តេជ្ញាចិត្ត វិលចូលមកប្រទេសកម្ពុជាវិញ នៅក្នុងឆ្នាំ២០១៩នេះ ឲ្យខានតែបានបើទោះបីប្រឈមមុខ នឹងវិធានការរបស់អាជ្ញាធររបស់ រាជរដ្ឋាភិបាលកម្ពុជាយ៉ាងណាក្តី។ បើតាម លោក អេង ឆៃអ៊ាង គម្រោងវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី ត្រូវការប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក។
បើទោះបីជាមានការប្រកាសប្តេជ្ញាចិត្តយ៉ាងនេះក្តី តែមានការសន្និដ្ឋានរួចទៅហើយថាលោក សម រង្ស៉ី នឹងមិនវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះឡើយ។ ការប្តេជ្ញា ការសន្យានេះ គ្រាន់តែការប្តេជ្ញា និងជាការសន្យាខ្យល់តែប៉ុណ្ណោះ ពោលលោក សម រង្ស៉ី នៅតែជាអ្នកនយោបាយមាន់សម្ល កំសាកញីដូចការលើកឡើងរបស់សាធារណជន៕