(ស្វាយរៀង)៖ អភិបាលរងខេត្តស្វាយរៀង លោក រស់ ផារិទ្ធ បានជំរុញដល់មន្ត្រីទាំងអស់ ឱ្យខិតខំបំរើសេវាជូនពលរដ្ឋបានឲ្យល្អ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត។
ការថ្លែងបែបនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការងារផ្តល់សេវារដ្ឋបាល តាមរយៈអង្គភាពច្រកចេញចូលតែមួយខេត្ត ។
លោករស់ ផារិទ្ធ អភិបាលរងខេត្ត បានផ្តាំផ្ញើដល់អង្គភាពពាក់ព័ន្ធទាំងអស់ នៃអង្គភាពច្រកចេញចូលតែមួយ សាលាខេត្ត ត្រូវពង្រឹងការអនុវត្តការងារផ្តល់សេវាឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា ការផ្តល់សេវានេះ បានចូលរួមលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង នៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល នៅថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋដែលមកទទួលសេវា៕