(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះពិនិត្យ សកម្មភាពអ្នកបុរាណវិទូជាតិ និងអន្តរជាតិ សហការគ្នា ធ្វើកំណាយនៅស្ថានីយភូមិមូលជើងឯក ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។
រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការធ្វើកំណាយស្រាវជ្រាវប្រវត្តិសាស្រ្តនេះ ប្រើរយៈពេលជាង០១ខែ ក្នុងគោលបំណង ដើម្បីប្រមែប្រមូលវត្ថុសិល្បៈទាំងអស់នោះ យកមកថែរក្សាទុកជាទ្រព្យសម្បតិ្តជាតិ ដាក់តាំងក្នុងសារមន្ទីរជាតិកម្ពុជា សម្រាប់ទុកបង្ហាញកូនចៅជំនាន់ក្រោយ ឲ្យបានយល់ដឹង និងបានស្គាល់ ព្រោះសម្ភារទាំងអស់នោះ គឺសម្គាល់នូវដួងព្រលឹង អត្តសញ្ញាណរបស់ជាតិខ្មែរ ដែលកូនខ្មែរគ្រប់រូប គ្រប់ជំនាន់ត្រូវស្គាល់ និងចូលរួមថែការពារឲ្យបានគត់មុត។
ជាងនេះទៅទៀត លោកស្រី បន្ដថា ភូមិមូលជើងឯកនេះ មានតែមួយគត់ នៅលើទីតាំងនេះ ហើយការធ្វើកំណាយនេះ មានប្រើប្រាស់បច្ចេកទេសទំនើប ដោយមានម៉ាសស៊ីនស្គែនរកវត្ថុសិល្បៈ មាននៅក្រោមដី។ គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយភូមិមូលជើងឯកនេះ អនុវត្តគម្រោងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អគ្គនាយកដ្ឋានបេតិកភណ្ឌ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា រួមសហការជាមួយសាលារាជធានីភ្នំពេញ នគរបាលបេតិកភណ្ឌ និងរាជបណ្ឌិត្យសភាកម្ពុជា។
ទន្ទឹមនឹងនោះ ប្រធាននាយកដ្ឋាន បុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា លោក វឿន វុទ្ធី បានឲ្យដឹងថា ស្ថានីយភូមិមូលជើងឯកខាងលើនេះ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ បានធ្វើកំណាយសង្រ្គោះបានចំនួន៥លើករួចមកហើយ។
លោក វឿន វុទ្ធី ថ្លែងបន្ដថា ដោយកន្លងមករកឃើញស្លាកស្នាមវប្បធម៌ ដែលមានអាយុកាលចាស់ជាងគេបំផុតក្នុងស្ថានីយ៍ជើងឯក គឺជាឧបករណ៍ធ្វើអំពីថ្មរំលីង តូច ធំ មួយចំនួន ដែលគេប្រើជាពូថៅ ឬជាចបជីកនេះ ក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការកាប់ឈើ ឬជីកស្រះប្រឡាយទឹកជាដើម។ ជាពិសេស ការធ្វើកំណាយនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា រហូតមកដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ទទួលបានលទ្ធផលជាច្រើនដូចជា រកឃើញគូទឹក ដែលមានទំហំ១២ម៉ែត្រ ជម្រៅ៦ម៉ែត្រ រកឃើញធ្យូង បានផ្ញើទៅសហរដ្ឋអាមេរិក ដើម្បីធ្វើការបរិច្ឆេទអាយុកាល រកឃើញឡផលិតភាជន៍ ចំនួន៦ ស្ថិតក្នុងសតវត្សរ៍ទី៥-៦ និងរកឃើញរណ្តៅរាងមូលៗ ដូចភូមិមូល មានរហូតដល់៧រណ្តៅ ដែលមានអង្កត់ផ្ចិតចាប់ពី៥ម៉ែត្រ ទៅ៧ម៉ែត្រ៕