(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល១នាក់ និងរបួសធ្ងន់៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្ដតូច៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, ស្រវឹង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, កត្តាយានយន្ត, មិនគោរពសិទ្ធិ និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៥២លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន២៩នាក់, របួសធ្ងន់៥១នាក់ និងរបួសស្រាល១៤នាក់៕