(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកស្រី Sunniya Durrani Jamal នាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម។

ក្នុងឱកាសនោះ លោកស្រី Sunniya Durrani Jamal បានជម្រាបជូន លោករដ្ឋមន្រ្តី វេង សាខុន ឲ្យដឹងថា គោលបំណង នៃជំនួបពិភាក្សានាពេលនេះ រួមមាន៖

ទី១៖ ចង់បានអនុសាសន៍ ពីលោករដ្ឋមន្រ្តី ដើម្បីរៀបចំគម្រោងអភិវឌ្ឍវិស័យផ្សេងៗជារួម និងដោយឡែក វិស័យកសិកម្មដូចជា កសិកម្ម និងទឹក ការប្រែប្រួលអាកាសធាតុ ការធ្វើឲ្យប្រសើរឡើង លើកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន និងការបង្កើនផលិតភាពផលិតកម្ម -ល-។

ទី២៖ សិក្សាលើតម្រូវការចាំបាច់ ដែលត្រូវលើកយកមកពិភាក្សា រួចដាក់ចេញនូវគម្រោងអភិវឌ្ឍ ឲ្យត្រូវតាមគោលនយោបាយរបស់ក្រសួង ជាពិសេសឲ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ ឬអ្នកផលិត។

លោករដ្ឋមន្រ្តី វេង សាខុន បានជម្រាបជូនលោកស្រី Sunniya Durrani Jamal ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលបានចូលរួមចំណែក លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

លោកថា តែទោះជាយ៉ាងណា វិស័យកសិកម្មទាមទារ ធ្វើការអភិវឌ្ឍច្រើនថែមទៀត ដើម្បីឆ្លើយតម ទៅតាមកំណើនសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជានៅទូទាំងពិភពលោក កំណើនប្រជាជនកម្ពុជា កំណើនភ្ញៀវទេសចរ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។

ហេតុផលនេះ តាមរយៈលោកស្រី លោករដ្ឋមន្រី្ត បានស្នើឲ្យធនាគារអភិវឌ្ឍអាស៊ីគិតគូពិចារណា និងធ្វើការសិក្សា ឲ្យបានស៊ីជម្រៅបន្ថែមទៀត ពីលទ្ធភាពនៃការផ្តល់ហិរញ្ញវត្ថុ ដើម្បីអនុវត្តគម្រោងនានា ដែលទាក់ទងនឹងអនុវិស័យសំខាន់ៗមួយចំនួនដូចជា៖

ទី១៖ ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ការអភិវឌ្ឍផលិតកម្មបន្លែ និងដំណាំរួមផ្សំ ជាអាទិ៍៖ ការពង្រឹងនិងការបញ្ចូលបច្ចេកវិទ្យា ទៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការគ្រប់គ្រងដំណាំ ការប្រមូលផល ការវេចខ្ចប់ ស្លាកសញ្ញា ឃ្លាំងត្រជាក់រក្សាផលិតផល និងកាតគ្រប់គ្រងទិផ្សារ -ល- និយាយជារួមគឺខ្សែច្រវាក់ផលិតកម្មគ្រប់ជ្រុងជ្រោយពី A to Z ដើម្បីធានាបានទាំងបរិមាណផ្គត់ផ្គង់ គុណភាព អនាម័យ និងភូតគាមអនាម័យ (SPS)។

ទី២៖ លើកកម្ពស់វិស័យវារីវប្បកម្មឲ្យបានល្អ ប្រសើរទាំងទឹកប្រៃ និងទឹកសាប ធ្វើយ៉ាងកាត់បន្ថយការចាប់មច្ចជាតិពីប្រភពធម្មជាតិ លើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងចំណូលគ្រួសារ ក៏ដូចចំណូលសហគមន៍ ធ្វើការកែច្នៃ និងនាំចេញ។

ទី៣៖ វិស័យផលិតកម្មសត្វ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់កម្រិតជីវភាពគ្រួសារ ដូច្នេះទាមទារត្រូវធ្វើការអភិវឌ្ឍពូជ (ប្តូរពូជ និងការបង្កាត់សិប្បនិមិ្មត្ត) ដែលមានតម្លៃក្នុងទីផ្សារជំងឺ និងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់គ្រួសារកសិករ រួមទាំងការគ្រប់គ្រង ចំណី ការការពារ។

ទី៤៖ ជំរុញ និងលើកទឹកចិត្ត ដល់វិស័យឯកជនក្នុងការផលិតពូជ ធ្វើការផ្សព្វផ្សាយ និងប្រើប្រាស់ឲ្យបានទូលំទូលាយនូវពូជសុទ្ធល្អ ធានាគុណភាពល្អ និងទិន្នផលកើន រួចត្រូវអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាការនូវបរិមាណផ្គត់ផ្គង់ ធានាបាននូវការជឿទុកចិត្ត រក្សាតម្លៃ និងនិរន្តរភាពនៃការ ផលិត។

ទី៥៖ ផលិតកម្មពោត ក៏ជាវត្ថុធាតុដើមមួយយ៉ាងសំខាន់ ក្នុងវិស័យផលិតកម្មចំណីសត្វ ដែលទាមទារឲ្យធ្វើការយកចិត្តទុកដាក់ លើការដាំដុះ ពូជ បច្ចេកទេសក្រោយប្រមូលផល (ឃ្លាំងស្តុក និងរោងសម្ងួត) ដើម្បីបង្កើនផលិតភាពផលិតកម្មពោត ធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារចំណីសត្វ គុណភាព និងកាត់បន្ថយការនាំចូល។

ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោង លោករដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីបង្គោលទាំងអស់ ធ្វើតាមដានជាប្រចាំនូវស្ថានភាពប្រាក់ចំណូល និងស្ថានភាពជីវិភាពរស់នៅរបស់កសិករមុន និងក្រោយទទួលបានការឧបត្ថម្ភពីគម្រោង។ អ្វីដែលក្រសួង និងរាជរដ្ឋាភិបាលចង់បាន ចង់ឃើញគឺការផ្លាស់ប្តូរកម្រិតជីវភាពរបស់ប្រជាពលរដ្ឋពិតប្រាកដ។

ជាថ្មីម្តងទៀត ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារអភិវឌ្ឍអាស៊ី ដែលកផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្ម ហើយសង្ឃឹមថា លោកស្រីនឹងខិតខំអស់លទ្ធភាព បន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ចំពោះសំណើរបស់ លោករដ្ឋមន្រ្តី លោកស្រីបានទទួលយកទៅពិនិត្យ ពិចារណា ហើយលោកស្រីបានសន្យាថា នឹងខិតខំឲ្យអស់លទ្ធភាពសិក្សា និងវាយតម្លៃរាល់ចំណុចនីមួយៗ ដែលលោករដ្ឋមន្រ្តី បានលើកឡើងឲ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយដោយក្រុមជំនាញនីមួយៗ៕