(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស២៩នាក់បានស្លាប់ និង៦៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងប្រទេសរយៈពេល៣ថ្ងៃ (ថ្ងៃទី០៤-០៦ ខែកុម្ភៈ) ចំនួន៥២លើក នៃពិធីបុណ្យចូលឆ្នាំចិន។ នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈនេះ។
ដោយឡែកសម្រាប់តែថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩លើក ស្លាប់មនុស្ស៦នាក់ និង៩នាក់រងរបួសធ្ងន់ស្រាល។
របាយការណ៍បញ្ជាក់ថា រយៈពេល៣ថ្ងៃមកនេះ មូលហេតុដែលកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺដោយសារបើកបរល្បឿនលឿន ស្រវឹង ប្រជែង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ជាដើម។
ដោយសារចំនួនគ្រោះថ្នាក់ចរាចរណ៍ កើតឡើងច្រើនគួរឲ្យបារម្ភនៅរយៈពេល៣ថ្ងៃនេះ នាយកដ្ឋាននគរបាលចរាចរណ៍ សូមអំពាវនាវដល់បងប្អូនប្រជាពលដ្ឋ ដែលធ្វើដំណើរទីជិតទីឆ្ងាយ សូមបើកបរគោរពច្បាប់ចរាចណ៍ កុំបើកល្មើសល្បឿន និងស្រវឹងសូមកុំបើកបរ៕