(ត្បូងឃ្មុំ)៖ ក្នុងពិធីបើកសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅ ឆ្នាំសិក្សា២០១៨-២០១៩ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ប្រទេសជាតិអាចរីកចម្រើនអភិវឌ្ឍន៍ទៅបាន ត្រូវពឹងផ្អែកលើការងារអប់រំ ពិសេសការកសាងធនធានមនុស្ស។
លោក ពាង ណារិទ្ធ បានលើកឡើងទៀតថា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ដោយខិតខំពុះពារជម្នះគ្រប់ឧបសគ្គក្នុងការការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យរីកចម្រើន។
លោកបានគូសបញ្ជាក់ដូច្នេះ «យើងបានប្រឹងប្រែងស្ដារ និងកសាងប្រទេសពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស្រ័យ តាមរយៈការបង្រួបង្រួម និងឯកភាពជាតិ សន្តិភាព ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ និងរក្សាបានស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ចទាំងនេះ គឺជាមូលដ្ឋានដ៏រឹងមាំ និងមិនអាចខ្វះបានសម្រាប់ទ្រទ្រង់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព»។
លោកបានគូសបញ្ជាក់ទៀតថា «ប្រទេសជាតិ អាចរីកចម្រើនអភិវឌ្ឍន៍ទៅបាន ត្រូវពឹងផ្អែកលើការងារអប់រំ ពិសេសការកសាងធនធានមនុស្ស។ ជាការពិតណាស់ការអប់រំ និងការសាងធនធានមនុស្ស ត្រូវឆ្លងកាត់ការ បណ្ដុះបណ្ដាល ក្នុងសាលារៀន ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកបង្ហាត់បង្រៀន បន្តែក៏ត្រូវមានកិច្ចសហការ ពីមាតាបីតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូល»។
លោក ពាង ណារិទ្ធ ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ អង្គការដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តកំណែទម្រង់ និងយកចិត្តទុកដាក់ខ្ពស់ ទៅលើការលើកកម្ពស់ គុណភាពអប់រំនៅក្នុងខេត្ត តាមរយៈការខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ស្រាវជ្រាវ ការផ្ដល់កិច្ចសហការជិតស្និទ្ធ និងការចូលរួមយ៉ាងសកម្ម បំពេញការងារ។
លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈ នៅទូទាំងខេត្តត្បូងឃ្មុំ សរុបចំនួន១,០០៥ខ្នង មាន៤,៧៣៩បន្ទប់ រួមមាន៖ សាលាមត្តេយ្យសិក្សា៣៤ខ្នង ១១៩បន្ទប់ បឋមសិក្សាចំនួន៣៩៩សាលា មាន៧៣៥ខ្នង ៣,២៤០បន្ទប់ អនុវិទ្យាល័យចំនួន៥៥សាលា មាន១០២ខ្នង ៥០៣បន្ទប់ វិទ្យាល័យចំនួន២៤សាលា មាន១៣៤ខ្នង ៨៧៧បន្ទប់។
លោក អ៉ិន ពៅសម្បត្តិ បានបញ្ជាក់ថា ក្នុងនោះមាន១៩២កន្លែង ត្រូវជា៣៤៥ខ្នង ស្មើនឹង ២,៤១១បន្ទប់ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
សូមបញ្ជាក់ថា សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារ អប់រំ យុវជន និងកីឡា ប្រចាំឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា២០១៨-២០១៩ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ រៀបចំធ្វើឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០១៩៕