(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចនគបាលខណ្ឌដូនពេញ នឹងបញ្ជូនខ្លួនឈ្មោះ យិន ហេង ដែលមានរហស្សនាមថា «ចំប៉ីខ្មៅ» ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមមន្ត្រីតុលាការ បានបញ្ជាក់មកអង្គភាព Fresh News នៅមុននេះបន្តិច។
មន្ត្រីតុលាការបានប្រាប់ថា សមត្ថកិច្ចនគបាលខណ្ឌដូនពេញ នឹងបញ្ជូនខ្លួនឈ្មោះ យិន ហេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៉ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ក្នុងសំណុំរឿងបង្ហោះជាសាធារណៈ តាមបណ្តាញសង្គម FaceBook ដោយបានជេរប្រមាថមកលើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងន័យមើលងាយមើលថោក សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។
យុវជនដែលជាភេទទី៣ ដែលល្បីក្នុងបណ្ដាញសង្គម Facebook ឈ្មោះ «ចំប៉ីខ្មៅ» ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រាប់ Fresh News ឲ្យដឹងថា ការចាប់ខ្លួនយុវជនភេទទី៣រូបនេះ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជា កម្លាំងនគរបាលជំនាញបានសហការគ្នា ស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួន យិន ហេង ជាក់ស្ដែងតែម្ដង។ ក្រោយឃាត់ខ្លួន ពេលនេះជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាន ប្រគល់ជូនកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលជាម្ចាស់ករណី ដើម្បីបន្ដសួរនាំ និងចាត់ការនីតិវិធីជាធរមាន ចំពោះអ្វីដែលបានប្រព្រឹត្ត។
គួរជំរាបដែរថា ការឈានទៅដល់ការឃាត់ខ្លួន យិន ហេង ដែលមានគណនី Facebook ឈ្មោះ «ចំប៉ីខ្មៅ» ធ្វើឡើងបន្ទាប់ពីយុវជនរូបនេះ បានបង្ហាញវីដេអូនៅលើបណ្ដាញសង្គម នៅខាងមុខព្រះបរមរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ដោយប្រមាថទៅដល់ជាតិសាសន៍ខ្មែរ។ វីដេអូនោះ បានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្កោលទោសឲ្យសមត្ថកិច្ច ចាត់ការចំពោះបុគ្គលភេទទី៣នេះផងដែរ៕