(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី របស់ក្រុមហ៊ុនមេត្រីភាព កសិ-ឧស្សាហកម្ម ដែលត្រូវបានប្រជាពលរដ្ឋ ចូលទន្រ្ទានដីកាន់កាប់។ ពិធីនេះ មានការចូលរួមពីអភិបាលរងខេត្ត លោកព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអង្គការអាដហុក ជាដើម។
ក្នុងពិធីនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំនូវគន្លឹះចំនួន៥ ដែលនឹងត្រូវធ្វើបន្ត។ កិច្ចការទាំង៥នោះរួមមាន៖
១៖ រដ្ឋបាលខេត្ត នឹងបង្កើតនូវក្រុមកាងារដោះស្រាយទំនាស់ដីធ្លី រវាងក្រុមហ៊ុនមេត្រីភាព កសិ-ឧស្សាហកម្ម ជាមួយប្រជាពលរដ្ឋនៅតំបន់នោះ។
២៖ ក្រុមការងារចុះបញ្ជីដី ត្រូវចុះសិក្សាជាបន្ទាន់ក្នុងការ កំណត់ព្រមទាំងការបោះបង្គោល ព្រំដីនិងធ្វើអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋនៅទីនោះ ឲ្យបានច្បាស់លាស់។
៣៖ ក្រុមហ៊ុន ត្រូវតែបន្តកិច្ចសហការជាមួយអាជ្ញាធរខេត្ត ស្រុក ជាពិសេសក្រុមការងារដោះស្រាយទំនាស់ និងក្រុមការងារចុះបញ្ជីដី ដែលនឹងចុះទៅដល់ទីតាំងជាក់ស្តែងឆាប់ៗនេះ។
៤៖ ស្នើសុំឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវណែនាំឲ្យប្រជាពលរដ្ឋ ដែលបានរំលោភកាន់កាប់ទាំងអស់នោះ ត្រូវរក្សាស្ថានភាពដើម ជៀសវាងការធ្វើសកម្មភាពរុករាន និងសកម្មភាពផ្សេងៗ ឧបសគ្គដល់ក្រុមការងារខេត្ត ចុះដោះស្រាយនាឆាប់ៗខាងមុខនេះ។
៥៖ ស្នើសុំឲ្យសាលដំបូងខេត្ត បញ្ឈប់ការចេញដីការចាប់ខ្លួន ចំពោះប្រជាពលរដ្ឋផ្សេងទៀត ដែលទន្រ្ទានដីខុសច្បាប់លើដីក្រុមហ៊ុន រកចាំក្រុមការងារខេត្តចុះដោះស្រាយសិន។
សូមបញ្ជាក់ថា ក្រុមហ៊ុនមេត្រីភាពកសិ-ឧស្សាហកម្ម ទទួលបានអនុក្រឹត្យលេខ៩២ អនក្រ បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ អភិវឌ្ឍលើវិស័យដាំដំណាំកៅស៊ូ ដំណាំកសិឧស្សាហកម្ម និងចិញ្ចឹមសត្វ ទំហំ៨,៥២០ហិកតា គ្របដណ្តប់លើស្រុកជាំក្សាន្ត និងស្រុកគូលែន ហើយត្រូវបានប្រជាពលរដ្ឋ កាន់កាប់ប្រមាណ៥៥៩គ្រួសារ ក្នុងនោះមានគ្រួសារ មកពីតាមបណ្តាខេត្តផ្សេងៗសរុប៣៣៩គ្រួសារ៕