(ស្ទឹងត្រែង)៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង នៅវេលាម៉ោង១០៖៤២នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះបង្ក្រាបមេក្លោងជួញដូរថ្នាំញៀន ជនជាតិឡាវម្នាក់ និងដកហូតថ្នាំញៀន បានមួយចំនួនធំ នៅចន្លោះបង្គោលព្រំដែន លេខ៣៦ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់អង្គភាព Fresh News បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឲ្យកម្លាំងអាវុធហត្ថខេត្ត បង្ក្រាបរាល់បទល្មើស កើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនឈ្មោះ ងួន ឡែ អាយុ៤០ឆ្នាំ ជួញដូរគ្រឿងញៀន ប្រភេទថ្នាំគ្រាប់ មេតំហ្វេតាមីន WY ចំនួន២៧កញ្ចប់ នៅចន្លោះបង្គោលព្រំដែនលេខ36 ក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បច្ចុប្បន្នមេក្លោងជួញដូរថ្នាំញៀន ជនជាតិឡាវ ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ៕