(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា បន្ទាប់ពីបានតាមដាន លើស្ថានភាពអាកាសធាតុរួចមកឃើញថា កម្ពុជា កំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសាន ខ្សោយ និងនៅលើផ្ទៃដីគ្របដណ្តប់ ដោយកម្រិតសម្ពាធទាប។

ក្រសួងធនធានទឹក បានបន្ថែមទៀតថា លក្ខណៈបែបនេះ នឹងបង្កឲ្យសីតុណ្ហភាព នៅកម្ពុជា ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ មានកំណើនពី១ ទៅ ២អង្សាសេបន្ថែមទៀត ក្នុងនោះមាន៖

* ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ៖
+ សីតុណ្ហភាពអប្បបរមា មានពី ២០-២៦ អង្សាសេ។
+ សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ។

* បណ្តារាជធានី-ខេត្ត ដទៃទៀត៖
+ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦ អង្សាសេ។
+ សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ៕