(បាត់ដំបង)៖ ទឹកដែលបញ្ជូនមកពីស្រុករតនមណ្ឌល បានចូលមកដល់ទីប្រជុំជនស្រុកមោងឫស្សី ខេត្តបាត់ដំបងហើយ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ។ ការបញ្ជូនទឹកនេះ មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់តាំងក្រុមការងារ ចុះអន្តរាគមន៍ បង្វែរទឹកមកកាន់ស្រុកមោងឫស្សី។ លោកបន្តថា ប្រសិនបើគ្មានកិច្ចអន្តរាគមន៍នេះទេ នោះប្រជាពលរដ្ឋនៅក្នុងស្រុកមោងឫស្សីប្រមាណ ១៥.០០០គ្រួសារ និងស្រុកគាស់ក្រឡាប្រមាណ ១៣.០០០គ្រួសារ នឹងមិនមានទឹកសម្រាប់ប្រើប្រាស់ទេ ព្រោះប្រភពទឹកនានា នៅក្នុងស្រុកមោងឬស្សី បានរីងស្ងួតអស់ទៅហើយ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារអន្តរាគមន៍ ក្នុងការនាំទឹកនេះ បានសំណូមពរចំពោះអភិបាលខេត្ត សូមជួយតាមដាន និងការពារទំនប់បង្វែរទឹក ដែលក្រុមការងារបានរៀបចំកន្លងមក កុំឲ្យមានការបំផ្លាញ និងបង្វែរទឹកទៅកន្លែងផ្សេង និងប្រើប្រាស់ក្នុងគោលដៅផ្សេង ព្រោះថាទឹកដែលក្រុមការងារបញ្ជូនមកពេលនេះ សម្រាប់តែប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡប៉ុណ្ណោះ។

សូមជម្រាបថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោល នៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។

រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។ នេះបើយោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទុកទប់ទល់ នឹងគ្រោះរាំងស្ងួតដែលចេញផ្សាយ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩៕