(ភ្នំពេញ)៖ នាវាចំនួន២គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំក្រកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «នាវាចំនួន២គ្រឿង របស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ដែលមានឈ្មោះថា "សេតូយុគិ" និង "ស៉ីម៉ាយុគិ" ដឹកនាំដោយវរនាវីឯក យ៉ូស៉ីយូគី ណាកាហ្គាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងអំឡុងពេលនៃដំណើរហ្វឹកហ្វឺនលើលំហសមុទ្រ»។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងបន្តទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងទំនាក់ទំនងមិត្ដភាព រវាងប្រទេសជប៉ុននិងកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្ដូរផេ្សងៗ ក៏ដូចជាដើម្បីផ្ដល់ឱកាស ឲ្យនាយនាវិកកម្មសិក្សាការីចំនួន១០៩រូប ដែលទើបបានបពា្ចប់ការសិក្សា បានស្វែងយល់អំពីវប្បធម៌ និងវិស័យយោធានៅកម្ពុជា។
ក្នុងកំលុងពេលស្នាក់នៅកម្ពុជាវរនាវីឯក យ៉ូស៉ីយូគី ណាកាហ្គាម៉ា មានគម្រោងធើ្វទស្សនកិច្ចនៅរាជធានីភ្នំពេញ ដើម្បីចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ។ វរនាវីឯក យ៉ូស៉ីយូគី ណាកាហ្គាម៉ា ក៏នឹងធើ្វទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម សាលាខេត្ដព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែកុម្ភៈផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ពិធីស្វាគមន៍ការមកដល់នឹងប្រារឰឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ចាប់ពីម៉ោង ១០៖៣០ព្រឹក នៅឯផែចាស់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕