(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានធ្វើការប្តេជ្ញាចិត្តជាថ្មីក្នុងការធានារក្សាឲ្យបាននូវសុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់ទូទាំងផ្ទៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យសង្គ្រាមវិនាសកម្មបំផ្លាញប្រទេស បំផ្លាញក្តីសុខប្រជាពលរដ្ឋកើតមានជាថ្មីនោះឡើយ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់នៅលើ Facebook ថា «ទម្រាំយើងមានឱកាសបានអភិវឌ្ឍរហូតមានកំណើសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិសុខសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគិន និងទេសចរបរទេសកាន់តែច្រើន គឺយើងបានខិតខំប្រឹងប្រែងនិងធ្វើពលីកម្មខ្លាំងណាស់ ហើយក៏គ្មាននរណាប្រឹងជំនួសយើងទេ បើយើងមិនប្រឹងដោយខ្លួនឯង»

សម្តេចតេជោបន្តថា «ច្បាស់ណាស់ កាលណាប្រទេសជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋក៏កាន់តែមានឱកាសទទួលបាននូវផលប្រយោជន៍ពីការរីកចម្រើននៃប្រទេសជាតិកាន់តែច្រើនឡើងផងដែរ។ នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនអោយកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ផងដែរថា ម្លប់នៃសុខសន្តិភាពនៅកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន បានជួបជុំក្រុមគ្រួសារ និងដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិចិននេះ៕