(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យចូលឆ្នាំចិនទី២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣០លើក បណ្ដាលឲ្យមនុស្សស្លាប់១៩នាក់, របួសស្រាល៨នាក់ និងរបួសធ្ងន់៣៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៣០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៣៧គ្រឿង, រថយន្ដធំ២គ្រឿង, រថយន្ដតូច១៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, ស្រវឹង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, កត្តាយានយន្ត, មិនគោរពសិទ្ធ, និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៤៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន២៣នាក់, របួសធ្ងន់៤៣នាក់ និងរបួសស្រាល១៣នាក់៕