(ភ្នំពេញ)៖ អ្នកវិភាគបញ្ហាសង្គម និងនយោបាយលើបណ្តាញសង្គមដ៏មានប្រជាប្រិយ លោក សុខ សុគន្ធ ហៅ ជេម សុខ បានទម្លាយថា ក្រោយពីទណ្ឌិត សម រង្ស៉ី ប្រកាស ប្តេជ្ញាវិលស្រុកវិញនោះ មានខ្មែរនៅអាមេរិកមួយចំនួនដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បាននាំគ្នាធ្វើប្រវត្តិរូបជូនក្រុមការងាររបស់ពួកគេ ដើម្បីទទួលយកតំណែងផ្សេងៗ។

លោក សុខ សុគន្ធ បានអះអាងថា នៅក្នុងវីដេអូ «Talk Show» របស់ខ្លួននៅពេលថ្មីនេះថា ក្រោយពេលមានវេទិកាសាធារណៈមួយក្រោមវត្តមានរបស់លោក សម រង្ស៉ី នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកនាដើមសប្តាហ៍កន្លងទៅនេះ ក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅសហរដ្ឋអាមេរិក ហាក់មានក្តីរំពឹងខ្ពស់ថា ក្រោយពេលលោក សម រង្ស៉ី វិលចូលស្រុកនឹងអាចទទួលបានឱកាសគ្រប់គ្រងរាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា ក្រោយពេលចេញពីវេទិកានោះពួកគេបានជជែកគ្នាពីការដាក់ប្រវត្តិរូប ដោយអ្នកខ្លះរំពឹងបានធ្វើរដ្ឋមន្ត្រី ធ្វើអភិបាលខេត្ត ឬអភិបាលស្រុកជាដើម។

«ឯកឧត្តម សម រង្ស៉ី ប្រុងត្រឡប់ទៅកម្ពុជាវិញ ឥឡូវហ្នឹងគេរៀបចំប្រវត្តិរូបទៅសម្រាប់ធ្វើចៅហ្វាយខេត្ត ចៅហ្វាយស្រុក រដ្ឋមន្ត្រីអី...។ គឺគេគិតស្រួលណាស់បងប្អូន គិតស្រួលមែនទេន គេគិតថា ឯកឧត្តម សម រង្ស៉ី គ្រាន់តែទៅដល់ស្រុកខ្មែរភ្លាម លោកតា ហ៊ុន សែន រលាយបាត់ស្រមោលហ្មង។ គណបក្សប្រជាជនទៅជាផេះហ្មង ហើយនៅពេលហ្នឹងរដ្ឋាភិបាលជាតិមួយដ៏មហាអស្ចារ្យដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មីគឺឯកឧត្តម សម រង្ស៉ី ហើយពេលហ្នឹងអ្នកដើរតាមទាំងអំបាលមាណអ្នកដែលចូលលុយ ៣០ម៉ឺនដុល្លារទៅហ្នឹង គឺដឹងតែពីបានបុណ្យស័ក្តិហ្មង»។ លោក សុខ សុគន្ធ បានគូសបញ្ជាក់។

លោក សុខ សុគន្ធ ក៏បានសម្តែងការហួសចិត្តជាខ្លាំងផងដែរ ចំពោះការឆោតល្ងង់របស់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅអាមេរិកមួយចំនួន ដែលពួកគេបានទៅរស់នៅប្រទេសមួយមានការជឿនលឿន និងអប់រំខ្ពស់ហើយ នៅតែបន្តជឿលើការឃោសនាបោកប្រាស់របស់អ្នកនយោបាយ។

សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៉ី បានប្រកាសបង្ហាញការប្តេជ្ញាចិត្តវិលចូលមកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១៩នេឲ្យខានតែបានបើទោះបីប្រឈមមុខនឹងវិធានការរបស់អាជ្ញាធររបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងណាក្តី។ បើតាម លោក អេង ឆៃអ៊ាង គម្រោងវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី ត្រូវការប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក។

បើទោះបីជាមានការប្រកាសប្តេជ្ញាចិត្តយ៉ាងនេះក្តី តែមានការសន្និដ្ឋានរួចទៅហើយថា ទណ្ឌិត សម រង្ស៉ី នឹងមិនវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះឡើយ។ ការប្តេជ្ញា ការសន្យានេះ គ្រាន់តែការប្តេជ្ញា និងជាការសន្យាខ្យល់តែប៉ុណ្ណោះ ពោលលោក សម រង្ស៉ី នៅតែជាអ្នកនយោបាយមាន់សម្លកំសាកញីដូចការលើកឡើងរបស់សាធារណជន៕