(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវឱ្យសាធារណជន និងភ្ញៀវទេសចរបរទេសទាំងអស់ មានការប្រុងប្រយ័ត្នចំពោះការឆបោក ពាក់ព័ន្ធនឹងការលក់វីសារចូលមកកម្ពុជា តាមប្រព័ន្ធអ៉ីនធើណិត។
លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កន្លងទៅថ្មីៗនេះ មានជនខិលខូចមួយចំនួន បានបង្កើតគេហរទំព័រក្លែងក្លាយ ដើម្បីលក់វិសាបោកប្រាស់ភ្ញៀវទេសចរ និងជនបរទេស ដែលចង់ចូលមកប្រទេសកម្ពុជា ហើយបញ្ហានេះ ក្រសួងមានសមត្ថកិច្ចកំពុងមានវិធានការណ៍។ លោកអំពាវនាវឱ្យសាធារណជន និងភ្ញៀវទេសចរបរទេសទាំងអស់ ចៀសវាងការទិញវីសាតាមវេបសាយក្លែងក្លាយទាំងនោះ គ្រាដែលគេហទំព័រផ្លូវការដែលលក់វិសាតាមអនឡាញនេះ មានតែមួយប៉ុណ្ណោះ នោះគឺ www.evisa.gov.kh ។
ការចេញមកបញ្ជាក់របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើងបន្ទាប់ពីមានករណីឆបោក តាមរយៈគេហរទំព័រមួយឈ្មោះ www.cambodiaimmigration.org បណ្តាលឱ្យភ្ញៀវទេសចរម្នាក់ដែលចង់មកប្រទេសកម្ពុជា ខាតបង់ថវិកាប្រមាណ៣០០ដុល្លារអាមេរិក។
បើតាម លោក ថូ សំណាង អគ្គនាយករងកិច្ចការច្បាប់ និងកុងស៊ុល នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា គេហទំព័រខាងលើនេះ គឺគេហទំព័រក្លែងក្លាយ ហើយកន្លងមកក្រសួងការបរទេស ចាប់បាន ១៧ វេបសាយ ដែលបន្លំជាគេហទំព័រផ្លូវការលក់វីសាចូលកម្ពុជា។ ជនខិលខូចចេះរបៀបធ្វើយ៉ាងណា នៅពេលភ្ញៀវវាយរកឈ្មោះ Cambodia ឬ e-Visa ពេលនោះ Browser នឹងលោតចេញគេហទំព័រក្លែងក្លាយរបស់ពួកគាត់មកមុន ហើយភ្ញៀវមិនបានដឹងក៏ចុះឈ្មោះ បំពេញបែបបទ លើគេហទំព័រនោះ រួចបង់ប្រាក់ឱ្យពួកនេះទៅ។
លោកបានបន្តថា របៀបបង់ប្រាក់ក៏ងាយស្រួលព្រោះ ជនខិលខូចទាំងនោះ ចេះបើក Payments Gateway ដែលអាចទទួលយកកាត ATM បានរហូតដល់ ៧ gateways ធំៗ ក្នុងខណៈរដ្ឋាភិបាលកម្ពុជា អាចទទួលបានតែ ៤ប៉ុណ្ណោះ។ ម៉្យាងទៀត ជនទាំងនោះចេះត្រងយកភ្ញៀវបានច្រើនតាមរបៀបដូចក្រុមហ៊ុនទេសចរដែរ ព្រោះគេមានទីតាំងនៅជិតភ្ញៀវស្រាប់។ គេហទំព័រក្លែងក្លាយនេះ ពេលបានលុយពីភ្ញៀវហើយ ក៏បញ្ជូនពាក្យសុំរបស់ភ្ញៀវមកឲ្យក្រសួងការបរទេសចេញ e-Visa ឱ្យប៉ុន្តែយើងតែងចាប់ IP address បាន ហើយមិនចេញឱ្យទេ ព្រោះក្រសួងមិនអនុញ្ញាតឱ្យមានអ្នកកណ្តាលចាំត្រងយកភ្ញៀវដូច្នេះទេ។
មន្រ្តីជំនាញរូបនេះ បានបញ្ជាក់ទៀតថា ក្រុមការងារអន្តរក្រសួងទទួលបន្ទុកគ្រប់គ្រងទិដ្ឋាការអេឡិចត្រូនិក មិនអនុញ្ញាតឲ្យមានសកម្មភាពបែបនេះទេ ព្រោះមូលហេតុ៖ នៅពេលមានអ្នកកណ្តាលចាំប្រមូលភ្ញៀវ តម្លៃទិដ្ឋាការនឹងកើនឡើងខ្ពស់ ហើយភ្ញៀវខ្លះអាចនឹងទៅប្តឹងឡូឡានៅស្ថានទូតកម្ពុជានៅបរទេស (កន្លងមកក្នុងឆ្នាំ ២០១៦ មានភ្ញៀវនៅអង់គ្លេសបានប្តឹងទៅស្ថានទូតយើងនៅទីក្រុងឡុងដ៍ អំពីការយកថ្លៃទិដ្ឋាការ e-Visa ថ្លៃហួសហេតុ រហូតដល់ ៩០ ដុល្លារ) ឯភ្ញៀវខ្លះទៀតក៏សម្រេចចិត្តមិនមកទស្សនាកម្ពុជា។
លោកបានបញ្ជាក់បន្ថែមថា ប្រទេសជិតខាងយើង គេរិះរកវិធីកាត់បន្ថយតម្លៃទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរ។ គេមិនរំពឹងលើចំណូលបានមកពីទិដ្ឋាការនេះទេ។ ដូច្នេះ ក្រសួងមិនបានផ្តល់សិទ្ធិឲ្យពួកគេហទំព័រក្លែងក្លាយទាំងនោះចាំត្រងយកភ្ញៀវកាត់មុខរាជរដ្ឋាភិបាលទេ។ ការចេញទិដ្ឋាការជាសិទ្ធិអំណាចផ្តាច់មុខរបស់រដ្ឋមួយ ហើយមានតែស្ថានទូត ក្រសួងការបរទេស និងក្រសួងមហាផ្ទៃ ប៉ុណ្ណោះដែលមានសមត្ថកិច្ចក្នុងការងារនេះ៕
ខាងក្រោមនេះជាកំណត់ទូតដែលក្រសួងការបរទេសបានផ្សព្វផ្សាយអំពីគេហទំព័រក្លែងបន្លំទាំង ១៧កន្លងមក៖