Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរសូមប្រុងប្រយ័ត្នទាំងអស់គ្នា! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំចិន២ថ្ងៃ ស្លាប់មនុស្ស២៣នាក់ និងរបួសធ្ងន់ស្រាល៥៦នាក់

05-02-2019 18:06

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស២៣នាក់បានស្លាប់ និង៥៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងប្រទេសរយៈពេល២ថ្ងៃ (ថ្ងៃទី០៤-០៥ ខែកុម្ភៈ) ចំនួន៤៣លើក នៃពិធីបុណ្យចូលឆ្នាំចិន។ នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈនេះ។

ដោយឡែកសម្រាប់តែថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងរហូតដល់៣០លើក ស្លាប់មនុស្សរហូតដល់១៩នាក់ និង៤២នាក់រងរបួសធ្ងន់ស្រាល។

របាយការណ៍បញ្ជាក់ថា រយៈពេល២ថ្ងៃមកនេះ មូលហេតុដែលកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺដោយសារបើកបរល្បឿនលឿន ស្រវឹង ប្រជែង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ជាដើម។

ដោយសារចំនួនគ្រោះថ្នាក់ចរាចរណ៍ កើតឡើងច្រើនគួរឲ្យបារម្ភនៅរយៈពេល២ថ្ងៃនេះ នាយកដ្ឋាននគរបាលចរាចរណ៍ សូមអំពាវនាវដល់បងប្អូនប្រជាពលដ្ឋ ដែលធ្វើដំណើរទីជិតទីឆ្ងាយ សូមបើកបរគោរពច្បាប់ចរាចណ៍ កុំបើកល្មើសល្បឿន និងស្រវឹងសូមកុំបើកបរ៕