(សៀមរាប)៖ តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែលសម្បូរទៅដោយមរតកអរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។
ពិធីបុណ្យឡើងមាឃ ឬបុណ្យឡើងអ្នកតា ក៏ជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងចំណោមបេតិកភណ្ឌអរូបីជាច្រើនប្រតិបត្តិដោយអ្នកស្រុកអង្គរ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី៥ ត្រូវនឹងថ្ងៃ១កើត ខែមាឃ ប្រជាជនក្នុងភូមិបង្កោងនេះ បានរៀបចំពិធីរកត្រីរួមក្នុងបឹងអភិរក្ស ដើម្បីត្រៀមឡើងមាឃ ឬឡើងអ្នកតា ដូចរាល់ឆ្នាំ។ ពិធីនេះធ្វើឡើងនៅបឹងមួយ ដែលអ្នកភូមិតែងតែអភិរក្សទុកមិនអនុញ្ញាតឱ្យនេសាទផ្តេសផ្តាសចាប់ពីខែមិថុនា ដើម្បីរក្សាត្រីទុកសម្រាប់ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា។
មេភូមិបង្កោង លោក ពេជ្រ ឃិន បានឱ្យដឹងថា ពិធីរកត្រីនេះធ្វើឡើងមួយឆ្នាំម្តងជារៀងរាល់ខែមាឃ បន្ទាប់ពីឯកភាពពីចាស់ព្រឹទ្ធាចារ្យក្នុងភូមិ និងបានប្រកាសកំណត់ថ្ងៃរកត្រី ដើម្បីយកត្រីទៅធ្វើទឹកនំបញ្ចុក និងធ្វើអាហាររួមសម្រាប់ពិធីឡើងមាឃ ឬឡើងអ្នកតាតាមទំនៀម។
លោកបន្តថា នៅក្នុងផ្ទៃបឹងទាំងមូលបានដាក់សម្រាស់ ២កន្លែង ត្រីដែលចាប់បាននៅបរិវេណខាងក្រៅ ប្រជាជនអាចយកទៅធ្វើម្ហូបហូបជាលក្ខណៈគ្រួសារ រីឯត្រីចាប់ក្នុងសម្រាស់ត្រូវទុករួមសម្រាប់ធ្វើទឹកនំបញ្ចុក។
ចំណែក ពេលវេលាមិនអាចកំណត់យកថ្ងៃណាមួយជាក់លាស់បានទេដោយអាស្រ័យលើទឹកបឹង បើសិនទឹកបឹងនៅច្រើនក៏ពន្យាពេល រង់ចាំទឹកបឹងរីងដើម្បីអាចចាប់ត្រីបានច្រើន តែឆ្នាំនេះទឹកសមល្មមអាចឱ្យប្រជាជននេសាទត្រីបាន និងចំពេលវេលាល្មម។
លោក ពេជ្រ ឃិន បានបញ្ជាក់ថា ក្រោយពីប្រកួកប្រកាសឱ្យនេសាទ អ្នកភូមិបានត្រៀមនូវឧបករណ៍សម្រាប់នេសាទបែបបុរាណ មានសំណាញ់ ឈ្នាង អង្រុត មកចាំកុះករនៅមាត់បឹង ហើយប្រជាជនមួយចំនួនមកតាំងពីម៉ោង១២យប់ អ្នកខ្លះក្រោកមកតាំងពីម៉ោង៣ ម៉ោង៤មកម្ល៉េះ។
នៅឆ្នាំនេះកម្មវិធីនេសាទត្រីចាប់ផ្តើមនៅវេលាម៉ោង៧ ដោយមានគណៈកម្មការចាំប្រកាសមេក្រូ និងបាញ់កាំជ្រួញជាសញ្ញា។ លោកបន្ថែមថា អ្នកភូមិដែលមកនេសាទទាំងអស់នោះមិនផ្តោតតែលើរកត្រីមួយមុខនោះដែរ គឺមកជួបជុំ សប្បាយរីករាយ និងមានសាមគ្គីភាពកាន់តែស្និទ្ធិស្នាលរវាងប្រជាជននៅក្នុងភូមិថែមទៀតផង។
អ្នកភូមិបង្កោង លោកស្រី ហេន ទេត បានឱ្យដឹងថា គ្រួសារលោកស្រីក៏ដូចប្រជាជនផ្សេងទៀតមកនេសាទត្រី ហើយយកត្រីដែលរកបានមួយចំនួនយកទៅធ្វើទឹកនំបញ្ចុកដើម្បីត្រៀមឡើងមាឃ ឬឡើងអ្នកតា និងមួយចំនួនទៀតសម្រាប់ធ្វើម្ហូប។
លោកស្រីបញ្ជាក់ថា ការរកត្រីឡើងមាឃនេះមានជាយូរមកហើយ ចាស់ៗក្នុងភូមិបានធ្វើតគ្នាពីជំនាន់មួយទៅជំនាន់មួយ ហើយពិធីនេះនៅគង់វង្សដោយសារតែអ្នកភូមិបន្តប្រតិបត្តិរហូតមកដល់សព្វថ្ងៃ នឹងបន្តទៅជំនាន់ក្រោយៗទៀត៕