(ស្វាយវៀង)៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រូវបានមើលឃើញថា បានសម្លាប់មនុស្សជាច្រើននាក់ ស្ទើរជារៀងរាល់ថ្ងៃ។ ក្នុងឆ្នាំ២០១៨កន្លងមក មានមនុស្សចំនួន១,៧៦១នាក់ស្លាប់ និងរបួសចំនួន៤,៧៧០នាក់ ដោយ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា នេះបើតាមតួរលេខពីក្រសួងមហាផ្ទៃ។ គ្រោះមហត្តរាយនេះ ពិតជាបានធ្វើឲ្យមានការរាំងស្ទះ ក្នុងដំណើរកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសង្គម។
ដោយមើលឃើញនូវបញ្ហាប្រឈម ចំពោះគ្រោះថ្នាក់ចរាចរណ៍អង្គភាពស្ថាបនាផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមឥណទានពីធនាគាអភិវឌ្ឍអាស៊ី នៅថ្ងៃទី២៨-៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំការអប់រំ និងផ្សព្វផ្សាយ ស្តីពីកត្តាហានិភ័យ ដោយគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាសិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមវិទ្យាល័យ អនុវិទ្យាល័យមួយចំនួនដូចជា វិទ្យាល័យកំពង់រោទិ៍ វិទ្យាល័យរមាសហែក បឋមសិក្សា និងអនុវិទ្យាល័យត្រពាំងបន្ទាយ វិទ្យាល័យកំពង់សំរោង និងសាលាបឋម និងអនុវិទ្យាល័យសង្កែរ ដែលសាលាទាំងនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១៣ និងលេខ១៨ ដែលមានសិស្សសរុបប្រមាណបួនពាន់នាក់។
យោងតាមរបាយការណ៍ នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នុងមួយឆ្នាំៗយុវជនដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ មានចំណែកច្រើនជាងគេ តាមរបាយការណ៍ដដែល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកភាគច្រើន កើតមានឡើងក្នុងកំឡុងពេលបុណ្យសំខាន់ៗ ពិសេសបុណ្យចូលឆ្នាំ ខ្មែរ និងបុណ្យចូលឆ្នាំចិន-វៀតណាម។ ការអប់រំ និងផ្សព្វផ្សាយផ្តោត សំខាន់លើការហានិភ័យ នៃល្បឿនបើកបរ ការប្រើប្រាស់មួកសុវត្ថិភាព ការប្រើប្រាស់កង់។
ការអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនាពេលនេះ ពិតជាមានសារៈសំខាន់ សម្រាប់ចូលរួចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សប្រជាកសិករ ដែលជាជនងាយរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ព្រោះអ្នកប្រើប្រាស់ផ្លូវទាំងនោះ មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការប្រើប្រាស់ផ្លូវថ្មី ដែលផ្តល់ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយសម្តេចតែយកចិត្តទុកដាក់ ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ កិច្ចអភិវឌ្ឍន៍ធនធានមនុស្ស សុខមាលភាពប្រជាពលរដ្ឋ និងការដឹកជញ្ជូន គឺជាចំនុចស្នូល ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ក្រោយការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ការអប់រំ និងផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេស កសិករ និងប្អូនៗ ក្មួយៗសិស្សានុសិស្សដែលជាអ្នកប្រឈមចំពោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
លោក គង់ សាមឿន នាយកវិទ្យាល័យរមាសហែក បានឲ្យដឹងថា ក្នុងនាមលោកនាយកសាលា លោកពិតជាមានសេចក្តីរិករាយ ដែលក្រសួងសាធារណាការ និងដឹកជញ្ជូន បានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ របស់សិស្សានុសិស្ស របស់លោក ដែលបានរៀបចំ ឲ្យអ្នកជំនាញចុះអប់រំ និងផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សាលាបែបនេះ ព្រោះបច្ចុប្បន្នក្រោមផ្លូវត្រូវបានកែលំអ លោកសង្គេតឃើញថា អ្នកបើកបរបានបើកលឿនខុស ពីមុនដែលស្ថានភាពផ្លូវមានការលំបាក ទាំងនេះជាមូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។
លោក ក៏បានលើកឡើងផងដែរថា ផ្លូវធ្វើមិនទាន់រួចស្រួលបួលផង ឃើញតែគំនូសដែលនគរបាលគូនកន្លែង គ្រោះថ្នាក់ចរាណ៍ពេញតែផ្លូវ។ ក្នុងឱកាសនេះដែរ លោកក៏បានប្រកាសឲ្យសិស្សយកចិត្តទុកដាក់ ស្តាប់អ្នកជំនាញ និងជួយអប់រំផ្សព្វផ្សាយដល់អ្នកភូមិ ដែលមិនបានចូលរួមធ្វើយ៉ាងណា ដើម្បីសុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ។
លោក ពា គីមវង ទីប្រឹក្សាបច្ចេកទេស និងអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានសម្លាប់មនុស្សជាមធ្យមពី៥ ទៅ៦នាក់ ក្នុងមួយថ្ងៃ ហើយក្នុងមួយឆ្នាំ មានមនុស្សប្រមាណ២,០០០នាក់ បានស្លាប់បាត់បង់អាយុជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ នៃប្រទេសកម្ពុជា។
លោកបានបន្ថែមថា ការបំលាស់ប្តូរឥរិយាបទ អ្នកប្រើប្រាស់ផ្លូវ គឺពិតជាមិនងាយនិងធ្វើការផ្លាស់ប្តូរទេ បើសិនខ្វះការចូលរួមពីអ្នកប្រើប្រាស់ផ្លូវ អាជ្ញាធរដែនដី ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ រួមនិងអ្នករៀបចំគោលនយោបាយ ថ្នាក់ជាតិ និងថ្នាក់តំបន់ ព្រោះភាគច្រើន នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើង ដោយសារកត្តាមនុស្សមានរហូតដល់៩៥% ដែលក្នុងនោះ មានដូចជាការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោយពេល ហូបគ្រឿងស្រវឹង ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ឬការប្តូរគន្លងផ្លូវមិនបានត្រឹមត្រូវ។
លោក ពា គីមវង បានស្នើសុំឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមានការយោគយល់គ្នា ទៅវិញទៅមក ពិសេសនៅពេលដែលមានចរាចរណ៍មមាញឹក នៅលើដងផ្លូវពិសេស ក្នុងឱកាសបុណ្យសំខាន់ៗ៕