(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធ ធ្វើការស្វែងយល់ឱ្យបានទូលំទូលាយ នូវកិច្ចការអភិវឌ្ឍមូលដ្ឋាន តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ហើយមន្រ្តីនៃផ្នែកនីមួយៗ ត្រូវរៀបចំធ្វើផែនការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនេះ ឱ្យបានទាន់ពេលវេលា ទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដូច្នេះអង្គភាពនីមួយៗ ត្រូវរៀបចំប្រតិទិនការងារសកម្មភាព ឱ្យបានច្បាស់លាស់។
ការណែនាំរបស់អភិបាលខេត្តកំពង់ចាម បានធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំរវាង គ.ជ.អ.ប និងរដ្ឋបាលខេត្តកំពង់ចាម ស្ដីអំពី «ការពិនិត្យពិភាក្សា លើសេចក្តីសម្រេចរួម នៃផែនការអភិវឌ្ឍន៍» ដែលប្រព្រឹត្តនៅសាលប្រជុំតូច នៅក្នុងសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។
សូមបញ្ជាក់ថា ក្នុងអង្គប្រជុំនេះ បានធ្វើការសម្រេចរួមគ្នាលើផែនការ៥៧ សកម្មភាព នៃផ្នែកកិច្ចការអភិវឌ្ឍន៍មូលដ្ឋានបែបប្រជាធិបតេយ្យថ្នាក់ ក្រោមជាតិ សម្រាប់ឆ្នាំ២០១៩ ដែលសេចក្តីសម្រេចនោះត្រូវបានធ្វើឡើងបន្ទាប់គឺមានការធ្វើបទបង្ហាញពីសំណាក់លោក ប្រាក់ ទិត្យ ប្រធានទីចាត់ការផែនការ និងវិនិយោគ និងការចូលរួមយោបល់របស់សមាជិក សមាជិកា នៃអង្គប្រជុំ៕