(កំពត)៖ កម្លាំងនគរបាលខេត្តកំពត បានបើកប្រតិបត្តិការបំបែកសំណុំរឿង ករណីឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ ដែលកើតនៅព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ដោយឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៦នាក់ ប៉ុន្ដែមានតែ៤នាក់ប៉ុណ្ណោះ ដែលពាក់ព័ន្ធករណីឃាតកម្មព្រួតគ្នាកាប់សម្លាប់ជនរងគ្រោះម្នាក់។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោក ជាវ តាយ អភិបាលខេត្តកំពត។
លោកស្នងការបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ប៉ុន្ដែក្រោយកើតហេតុមិនដល់២៤ម៉ោងនោះទេ ពោលនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងជំនាញបានកំណត់មុខសញ្ញាបានជនសង្ស័យ៤នាក់ និងឈានដល់ការឃាត់ខ្លួនតែម្ដង។
ដោយឡែកនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោកបានបញ្ជាកម្លាំងនគរបាលព្រហ្មទណ្ឌនាំខ្លួនជនសង្ស័យទាំង៤នាក់ ដែលពាក់ព័ន្ធករណីឃាតកម្មគិតទុកមុន ទៅរកវត្ថុតាង (កាំបិត ពូថៅ) ដែលគេបានលាក់ទុក ក្រោយប្រព្រឹត្តបទល្មើសរួច និងនាំទៅធ្វើត្រាប់ឡើងវិញ នៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក។
បើតាមលោកឧត្តមសេនីយ៍ស្នងការ តាមការសួរចម្លើយជនសង្ស័យយើងរកឃើញជនដៃដល់ ក្នុងករណីឃាតកម្មនេះចំនួន០៤នាក់ ដែលបានរួមគ្នាធ្វើមនុស្សឃាត លើជនរងគ្រោះឈ្មោះ នួន វណ្ណា កាលពីយប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ មូលហេតុដោយសារមានទំនាស់ដីធ្លី។
ជនសង្ស័យទាំង០៤នាក់ នោះរួមមាន ទី១៖ឈ្មោះ សឿង បុល អាយុ៤៦ឆ្នាំ, ទី២៖ឈ្មោះ ព្រីម ឡន (ហៅឡន) អាយុ៦៥ឆ្នាំ, ទី៣៖ឈ្មោះ រឿន វាសនា (ហៅស្ថា) អាយុ២៦ឆ្នាំ អ្នកទាំងបីនៅភូមិព្រៃពាយឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត និងទី៤៖ឈ្មោះ ហ៊ាង ចាន់ (ហៅចាន់ សារ៉ឺម) អាយុ៣០ឆ្នាំ នៅភូមិដូនសិយ ឃុំថ្មី
ស្រុកទឹកឈូ ខេត្តកំពត។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងរៀបចំឯកសារចាត់ការតាមនីតិវិធី៕