(ភ្នំពេញ)៖ ដោយយល់ឃើញអំពីសារសំខាន់ នៃបច្ចេកវិទ្យាព័ត៌មាន ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា បង្កើតកម្មវិធីទូរស័ព្ទ និងគេហទំព័រមួយដែលមានឈ្មោះថា «ទីចងចាំ» ឬ Mapping Memories Cambodia។
សាធារណជន និងអ្នកសិក្សាស្រាវជ្រាវ អាចចូលមើលគេហទំព័រនេះ តាមរយៈប្រព័ន្ធអ៊ីនធឺណែត ឬអាចទាញយកកម្មវិធីនេះពី (App or play store) មកដាក់នៅលើទូរស័ព្ទ ដើម្បីអាន។
គេហទំព័រ «ទីចងចាំ» ឬ Mapping Memories Cambodia និងកម្មវិធី (App or play store) នៅលើទូរស័ព្ទត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីលោក សោម រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក ស្រី ជូលា អ៊ីស អ្នកសម្របសម្រួលកម្មវិធីសន្តិភាពស៊ីវិល យុត្តិធម៌ និងការផ្សះផ្សា នៅក្នុងបរិបទនៃសាលាក្ដីខ្មែរក្រហម, លោកស្រី សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ភ្ញៀវកិត្តិយស សាស្រ្តាចារ្យ សិស្ស និងនិស្សិតប្រមាណជា២៥០នាក់។
កម្មវិធីទូរសព្ទដៃ និងគេហទំព័រ «ទីចងចាំ» បានផ្ដល់ជូននូវភាពងាយស្រួល ដល់សាធារណជន សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ រួមទាំងភ្ញៀវទេសចរ អាចកំណត់ទីតាំងប្រវត្តិសាស្រ្ត នៅក្នុងរបបខ្មែរក្រហម។ នៅក្នុងគេហទំព័រនេះក៏មានវីដេអូ បង្ហាញអំពីរឿងរ៉ាវអតីតកាល ដែលទាក់ទងនឹងសកម្មភាពជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅក្នុងរបបខ្មែរក្រហមពីសំណាក់អ្នករស់រានមានជីវិត។
កម្មវិធីទូរស័ព្ទ និងគេហទំព័រ «ទីចងចាំ» មិនត្រឹមតែលាតត្រដាង អំពីប្រវត្តិសាស្រ្តក្នុងរបបខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជំរុញឲ្យមានការពិភាក្សា និងការផ្សះផ្សាក្នុងអន្តរជំនាន់ (ប្រជាជនដែលបានឆ្លងកាត់របបខ្មែរក្រហម និងប្រជាជនដែលកើតក្រោយរបបខ្មែរក្រហម) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដែរ។
បើតាមលោក អ៊ុង ប៊ុនអ៊ី ប្រធានស្តីទីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បានឲ្យដឹងថា ការខិតខំប្រឹងប្រែងបង្កើតកម្មវិធីតាមទូរសព្ទដៃ និងគេហទំព័រ «ទីចងចាំ» របស់ក្រុមនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍សម្រាប់សាធារណជន នឹងបង្កឲ្យមានភាពងាយស្រួលក្នុងការអាន សិក្សាស្រាវជ្រាវ និងជំរុញឲ្យយុវជនជំនាន់ក្រោយ កាន់តែចាប់អារម្មណ៍ទៅលើការសិក្សាប្រវត្តិសាស្រ្ត ក្នុងរបបខ្មែរក្រហម។
ប្រធានបទស្តីអំពីរបបខ្មែរក្រហម ត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ ហើយត្រូវបានបង្ហាញជាទម្រង់ពហុប្រព័ន្ធផ្សព្វផ្សាយ ដែលអាចប្រើប្រាស់បាននៅក្នុងវេទិកាពីរគឺ៖ កម្មវិធីទូរសព្ទដៃ និងគេហទំព័រ។ ប្រវតិ្តសាស្រ្តខ្មែរក្រហម គឺជាប្រធានបទមួយដែលលេចឡើងម្តងហើយម្តងទៀត សម្រាប់កិច្ចការនិស្សិតរបស់យើង ក្នុងអំឡុងពេលសិក្សារបស់ពួកគេ។ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ គិតថា ការបន្តការសន្ទនាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមគឺជាការសំខាន់។
លោកបន្តថា បញ្ហាជាច្រើននៅក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន មានឫសគល់ចេញពីសោកនាដកម្ម ដែលបានកើតឡើងនៅរបបខ្មែរក្រហម។ យុវជនជំនាន់ក្រោយត្រូវរៀនពីអតីតកាល របស់ប្រទេសកម្ពុជា ដើម្បីយល់ថាអតីតកាលមានឥទ្ធិពលលើជីវិតរស់នៅ និងសង្គមរបស់ពួកគេនាពេលបច្ចុប្បន្ន។ ការសន្ទនាគឺជាឧបករណ៍ដ៏សំខាន់មួយដល់ការរៀនសូត្ររបស់សាធារណជន និងការផ្សះផ្សាអតីតកាលជាមួយបច្ចុប្បន្ន។
លោកបន្តថា «យើងជឿថាការទទួលបានព័ត៌មាន និងរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរក្រហម គឺជាយន្តការចម្បងបំផុតមួយ ជំរុញឲ្យមានការជជែកពិភាក្សាគ្នាអំពី អតីតកាលរបស់កម្ពុជា។ ដើម្បីចែករំលែកព័ត៌មានយើងបានកត់សម្គាល់ ពីសារសំខាន់នៃបច្ចេកវិទ្យា ដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមនាពេលបច្ចុប្បន្ន។ ដោយសារប្រជាជនកម្ពុជាភាគច្រើន សុទ្ធតែមានទូរសព្ទស្មាតហ្វូនដែលភ្ជាប់ប្រព័ន្ធអ៊ីនធឺណែត ការផ្សព្វផ្សាយតាមរយៈកម្មវិធីទូរសព្ទដៃ និងគេហទំព័រ គឺជាឧបករណ៍ដែលសមស្រប និងងាយស្រួលប្រើប្រាស់បំផុតសម្រាប់អ្នកប្រើប្រាស់»៕