(កណ្ដាល)៖ កម្លាំងអាវុធហត្ថខេត្តកណ្ដាល តាមបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាបន្ដបន្ទាប់ និងឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតបានថ្នាំញៀនជាង១០០តូចធំ ខណៈដែលមេក្លោងធំដែលបានរត់គេចខ្លួន កម្លាំងអាវុធហត្ថជំនាញ កំពុងតែធ្វើការស្រាវជ្រាវ និងតាមបង្ក្រាប ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។
ប្រតិបត្តិការនេះអនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្កាបង្ក្រាប និងសង្គ្រោះរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងធ្វើឡើងក្រោមការដឹកនាំបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល។
របាយការណ៍របស់អាវុធហត្ថខេត្តកណ្ដាល បានបញ្ជាក់ថា នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល និងជំនាញខេត្ត ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ទោ ពិន ចន្ទ័តារា មេបញ្ជាការរងទទួលការងារគ្រឿងញៀន ដោយបានការអនុញ្ញាតពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ថិតក្នុងភូមិព្រៃធំកើត ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។
ប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបាន២នាក់ ទី១៖ឈ្មោះ ណេង ផានិត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃធំកើត ឃុំសន្លុង ស្រុកខ្សាច់កណ្តាល និងទី២៖ឈ្មោះ ម៉ក់ សុវណ្ណរដ្ឋ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ វត្ថុតាងចាប់យករួមមាន ថ្នាំញៀន (ម៉ាទឹកកក) ចំនួន៦៦កញ្ចប់, ទូរសព្ទ័ដៃចំនួន០២គ្រឿង, ម៉ូតូចំនួន០៣គ្រឿង, ដាវដែកចំនួន០៤ដើម សម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួនទៀត។
ដោយឡែក កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល និងជំនាញខេត្តដឹកនាំផ្ទាល់ដោយ លោកវទោ ពិន ចន្ទ័តារា បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអន្លុង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល។ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហេង ឌីណា អាយុ៣៦ឆ្នាំ មុខរបររត់រ៉ឺម៉ក ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ វត្ថុតាងចាប់យករួមមាន ថ្នាំញៀន(ម៉ាទឹកកក) ចំនួន៤៦កញ្ចប់ និងទូរសព្ទ័ដៃ០១គ្រឿង។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងក្រុងតាខ្មៅ ដឹកនាំផ្ទាល់ដោយលោកវរសេនីយទោ ពិន ច័ន្ទតារា មេបញ្ជាការរងទទួលការងារគ្រឿងញៀន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា បានចុះទៅដល់កន្លែងកើតហេតុម្តុំភូមិក្រពើហា សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក៏ប្រទះឃើញឈ្មោះ ឆេង សុធី រត់ម៉ូតូកង់បី ដោយមានការសង្ស័យក៏បានហៅសួរនាំ និងឆែកឆេរឃើញថ្នាំញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ ទម្ងន់ស្មើនឹង១ខាំ ប្រហែលជាង១២០០ដុល្លារ។
កម្លាំងជំនាញបានហៅជនសង្ស័យមកសាកសួរ ហើយតាមចម្លើយសារភាពថា ថ្នាំញៀននេះឈ្មោះ ផាន់ សុពៅ ដែលជាអ្នកប្រើឲ្យខ្លួនយកមកឲ្យអ្នកទិញនៅក្រុងតាខ្មៅ។ បន្ទាប់មកជំនាញបានឃាត់ខ្លួនឈ្មោះ ផាន់ សុពៅ (ពុំមានថ្នាំញៀនទេ) ហើយតាមចម្លើយសារភាពថា ឈ្មោះ ផាន់ ពៅ ប្រាប់ថាមានមនុស្សឈ្មោះ រឹទ្ធ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ (ជាប់ពន្ធនាគារព្រៃស) ប្រើយកមកឲ្យឈ្មោះ នៅ សម្បត្តិ ភេទប្រុស យកមកឲ្យគេបន្ត តាមដែលគេទាក់ទងទិញ ហើយកម្លាំងក៏បានឃាត់ឈ្មោះ នៅ សម្បត្តិ ភេទប្រុស បានចំនួន០៣កញ្ចប់ធំ ទម្ងន់ស្មើនឹង២៤៩.១ក្រាម តម្លៃស្មើនឹងប្រហែល ៣០០ដុល្លារ។
បច្ចុប្បន្នកម្លាំងអាវុធហត្ថជំនាញ បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី និងស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនមេក្លោង ដែលកំពុងរត់គេចខ្លួនផងដែរ៕