(ភ្នំពេញ)៖ បន្ទាប់ពីបានប្រារព្ធពិធីសម្ពោធជាផ្លូវការដែល ធនាគារ ព្រីនស៍ទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ ដើម្បីធ្វើប្រតិបត្តិការធនាគារ ក្រោមអធិបតីភាព របស់លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅសាលបុរីកោះពេជ្រកាលពីចុងខែមករា ហើយនៅថ្ងៃទី០២កុម្ភៈ ឆ្នាំ២០១៩ថ្មីៗនេះ ធនាគារ ព្រីនស៍ បានរៀបចំសិក្ខាសាលាមួយឡើង នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ អគារ E។
សម្រាប់បុគ្គលិករបស់ធនាគារ ព្រីនស៍ ដែលបានចូលរួមជាង ៦០០នាក់ សិក្ខាសាលានេះ គឺជាឱកាសដ៏ល្អមួយ ដើម្បីលើកកម្ពស់និងពង្រឹងមូលដ្ឋានគ្រឹះ របស់ស្ថាប័ន ក៏ដូចជា ការយល់ដឹងបន្ថែមអំពីទិសដៅនៃការអភិវឌ្ឍន៍របស់ធនាគារ។ ជាមួយនឹងផែនការអនាគតរបស់ខ្លួនក្នុងរយៈពេល៥ ឆ្នាំខាងមុខធនាគារ បានចាប់ផ្តើម ណែនាំផលិតផលថ្មីរបស់ខ្លួន រួមជាមួយនឹងដំណោះស្រាយឌីជីថលជូនដល់អតិថិជន ជាមួយនឹងវាគ្មិនដែលជាថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ន ដូចជា លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ លោក ប៊ិន ដេវិន នាយកប្រតិបត្តិគ្រប់គ្រង អាជីវកម្ម លោក កែវ វុឌ្ឍី នាយកប្រតិបត្តិគ្រប់គ្រង នៃអគ្គនាយកដ្ឋានសនវកម្មផ្ទៃក្នុង លោក Utpal Bora នាយកប្រតិបត្តិគ្រប់គ្រង បច្ចេកវិទ្យាព័ត៌មានវិទ្យា។
សិក្ខាសាលាដែលរយៈពេល៥ម៉ោងនេះ ក៏រួមបញ្ចូលផងដែរនូវ ការយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់បុគ្គលិកខ្លួនដោយ អង្គប្រជុំមួយបានរួមបញ្ចូលការផ្តល់អាហារអប់រំផ្លូវចិត្ត ដោយវិជ្ជរប្បញ្ញោ គូ សុភាព ការចែករំលែកបទពិសោធន៍នៃជោគជ័យ និងកម្មវិធីសំនួរចម្លើយជាមួយលោក ទាង ស្រេង នាយកប្រតិបត្តិគ្រប់គ្រង នៃនាយកដ្ឋានធនធានមនុស្ស ក្នុងអំឡុងពេលនៃវគ្គ EXCO COACH។ ប៉ុន្តែព្រឹត្តិការណ៍ដ៏សំខាន់បំផុត នៃព្រឹត្តិការណ៍នេះ គឺការប្រគល់ពានរង្វាន់បុគ្គលិកឆ្នើម និងសាខាសម្រាប់ឆ្នាំ ២០១៨ ។
ធនាគារ បានបង្កើតសិក្ខាសាលានេះ ដើម្បីបុគ្គលិករបស់ខ្លួនបានរៀនសូត្រ ស្វែងយល់បន្ថែម ឱ្យកាន់តែប្រសើរពីការវិនិយោគថ្មីរបស់ធនាគារ និងដើម្បីបន្តអនុវត្តបេសកកម្មរបស់ខ្លួនក្នុងការ «ជួយឲ្យអតិថិជនទទួលបានជោគជ័យ តាមរយៈផលិតផល និងសេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ» ។
បន្ទាប់មកអ្នកចូលរួមសិក្ខាសាលា បានចូលរួមក្នុងកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រអគារ A, B, C និង D ។ ពិធីនេះត្រូវបានចូលរួមដោយបុគ្គលិកចំនួន ១,២០០នាក់ មកពីក្រុមហ៊ុនចំនួន១១ មានដូចជា ធនាគារ ព្រីនស៍ ក្រុមហ៊ុន Belt Road Capital Managementក្រុមហ៊ុន Jaguar Capital Royal Investment ក្រុមហ៊ុនAlphabet Decoration & Construction ក្រុមហ៊ុន Legend Printing & Production ក្រុមហ៊ុន ខេមបូឌា ហេង ស៊ីន រៀលអ៊ីស្ទេត ក្រុមហ៊ុន City Link ក្រុមហ៊ុន បាកា វីឡា ប្រដាក់សិន ក្រុមហ៊ុន Prince Media ក្រុមហ៊ុន Prince Consumer និងក្រុមហ៊ុន Prince Consulting & Advisory ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ភាគទុនិកឧកញ៉ា ចេន ហ៊ីស និង លោក ហ្គុយ ឆាយ។ ព្រឹត្តិការណ៍ដ៏ធំនេះក៏មានការចូលរួមពីកំពូលតារាចម្រៀងល្បីៗ ជាច្រើនដូចជា លោក ព្រាប សុវត្ថិ កញ្ញា មាសសុខសោភា និងកញ្ញា រ៉េត ស៊ូហ្សាណា៕