(ភ្នំពេញ)៖ អ្នករកស៊ីក្នុងវិស័យស្ករត្នោត បានលើកឡើងថា នៅប្រទេសកម្ពុជា មានតម្រូវការប្រើប្រាស់ស្ករត្នោត សម្រាប់ការបរិភោគប្រចាំថ្ងៃ មានប្រហែល១ម៉ឺនតោនក្នុងមួយឆ្នាំៗ ខណៈរាជធានីភ្នំពេញមានតម្រូវការពី១៥ ទៅ២០តោនក្នុង១ថ្ងៃៗ។
ថ្លែងក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោកឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន Signatures of Asia ដែលជាអ្នកជួយដល់សហគមន៍ផលិតស្ករត្នោតនៅខេត្តចំនួន៤ បានបញ្ជាក់ថា «តាមការសិក្សារបស់យើង ឃើញថាការប្រើប្រាស់ស្ករត្នោត មានបរិមាណប្រហែលជិត១ម៉ឺនតោនក្នុង១ឆ្នាំ។ យើងធ្វើអង្កេតច្បាស់បំផុត នៅក្នុងរាជធានីភ្នំពេញ យើងឃើញថា តម្រូវការស្ករត្នោត ចន្លោះ១៥ ទៅ២០តោនក្នុង១មួយថ្ងៃ ឬប្រហែល៦ពាន់តោនក្នុង១ឆ្នាំ»។
ជាមួយគ្នានេះ តាមការគត់សម្គាល់របស់លោកឧកញ៉ា ចាន់ សុឃាំង មានករណីផលិតស្ករត្នោតក្លែងក្លាយ ដែលប្រើប្រាស់ម្សៅ ស្ករស ប្រេងសណ្តែក លាយជាមួយស្ករត្នោតពិតប្រហែល២០ ទៅ ៣០ភាគរយ កំពុងកើតឡើងគួរឲ្យបារម្ភផងដែរ ហើយសមត្ថកិច្ចធ្លាប់បានបង្ក្រាបជាហូរហែផងដែរ។
ដើម្បីជៀសវាងនូវការទិញស្ករត្នោតក្លែងក្លាយ ប៉ះពាល់ដល់សុខភាពនោះ អគ្គនាយករូបនេះ សូមអំពាវនាវឲ្យប្រជាពលរដ្ឋ ទិញស្ករត្នោតដែលមានប្រភព និងក្រុមហ៊ុនច្បាស់លាស់ ព្រោះផលិតផលស្ករត្នោត ដែលមានក្រុមហ៊ុនច្បាប់លាស់ គឺមានការធានា និងមានកិច្ចសន្យាជាមួយកសិករអ្នកឡើងត្នោត យ៉ាងត្រឹមត្រូវ។
លោកបញ្ជាក់ទៀតថា នៅឆ្នាំ២០១៩នេះ ក្រុមហ៊ុនរបស់លោកបានចុះកិច្ចសន្យាប្រមូលទិញស្ករត្នោត ពីកសិករនៅខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំងផងដែរ សរុបសមាជិកសហគមន៍ចំនួន៤០០គ្រួសារ ដែលមានបរិមាណប្រហែល៥០០តោន ដែលសុទ្ធសឹងជាស្ករត្នោតសុទ្ធ គ្មានការលាយបន្លំឡើយ។
លោកបន្ថែមទៀតថា ក្រៅពីនាំចេញប្រភេទស្ករត្នោតម្សៅ ទៅកាន់ប្រទេសជាច្រើនដូចជា សហគមន៍អឺរ៉ុប ចិន ជាដើមហើយនោះ បន្ទាប់ពីមើលឃើញនូវស្ករត្នោត (ស្ករពាង) មានការក្លែងបន្លំច្រើន ទើបក្រុមហ៊ុនងាកមកផលិតស្ករពាង លក់ក្នុងទីផ្សារក្នុងស្រុកផងដែរ ដែលធានាថា មិនមានលាយបន្លំសារធាតុផ្សេងៗឡើយ។ អតិថិជនអាចជាវយកទៅប្រើប្រាស់ក្នុងផ្ទះ បានតាមរយៈទូរស័ព្ទលេខ០៩៣/០៨៩ ៩៩៧១៧៨ ដោយធានាថាសុទ្ធ១០០ភាគរយ បើមិនសុទ្ធអាចបង់ប្រាក់ជូនវិញ ២០០ភាគរយ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាជួយគាំទ្រដល់ផលិតផលរបស់កសិករខ្មែរ ពិសេសស្ករត្នោតសុទ្ធ ដើម្បីជួយថែរក្សានូវកេរដំណែលដូនតាខ្មែរ និងជួយដល់កសិករយើងកុំឲ្យបង់របរឡើងត្នោតនេះចោល៕