(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការកត់សម្គាល់ថា ក្នុងថ្ងៃសែនចូលឆ្នាំចិននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះ ប្រជាពលរដ្ឋ និងអាជីវករភាគច្រើននៅក្នុងរាជធានីភ្នំពេញ បានរៀបចំពិធីសែនចូលឆ្នាំចិន ជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរថា ពិធីសែនចូលឆ្នាំចិនម្សិលមិញនេះ ក៏មានមន្រ្តីរាជការមួយចំនួនធំ បានចូលរួមអបអរសាទរទាំងនៅតាមក្រសួង មន្ទីរ និងនៅតាមគេហដ្ឋានផងដែរ។
តាមរយៈ Facebook នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនថាតែពិធីបុណ្យចូលឆ្នាំចិនទេ គ្រប់ពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី និងពិធីសាសនាសំខាន់ៗនានារបស់ជនជាតិភាគតិច គឺមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិទៅតាមជំនឿ និងការជ្រើសរើសរបស់ខ្លួនដោយគ្មានការរើសអើង ហើយក៏ទទួលបាននូវការគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ៕