(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបញ្ចុះតម្លៃរហូតដល់ទៅ ៥០ភាគរយ សម្រាប់អ្នកដែលទៅចុះឈ្មោះរៀនបើកបររថន្តធុនធ្ងន់ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់។ តម្លៃសម្រាប់ការរៀនបើកបររថយន្តធុនធ្ងន់នេះនៅសល់ត្រឹមតែ ១៧៥ដុល្លារប៉ុណ្ណោះ។
ការសម្រេចបញ្ចុះតម្លៃនេះដើម្បីលើកទឹកចិត្តអ្នកមានបំណងចាប់អាជីពជាអ្នកបើករថយន្តធុនធ្ងន់ឲ្យទៅរៀនបើកបរឲ្យបានត្រឹមត្រូវមុននឹងពួកគេទៅចាប់អាជីពមួយនេះ។ មួយវិញទៀតការរៀនបើកបររថយន្តធុនធ្ងន់ នឹងផ្តល់ការងារស្របច្បាប់ត្រឹមត្រូវ ទទួលបានចំណេះដឹងច្បាស់លាស់ ដែលជាចំណែកចូលរួមកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ និងបញ្ហាការកកស្ទះចរាចរណ៍ផងដែរ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា តម្លៃសិក្សាពេញសម្រាប់ការរៀនបើកបររថយន្តធុនធ្ងន់នេះ គឺ ៣៥០ដុល្លារ។ មកដល់ពេលបច្ចុប្បន្ននេះអ្នកដែលបានចុះឈ្មោះចូលរៀនក្រោមតម្លៃអនុគ្រោះនេះទើបបាន ២០នាក់ប៉ុណ្ណោះ គឺនៅសល់ ៥០នាក់ទៀត។
លោក ហ៊ាង សុទ្ធាយុត្តិ បានអំពាវនាវដល់អ្នកមានបំណងចាប់អាជីពជាអ្នកបើកបររថយន្តធុនធ្ងន់ទាំងរួសរាន់មកដាក់ពាក្យរៀនបើកបរ ព្រោះបច្ចុប្បន្នក្រសួងមិនមានអនុញ្ញាតឲ្យសាលាបើកបរដទៃបង្រៀនការបើកបររថយន្តធុនធ្ងន់នេះឡើយ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់លើកដំបូងនៅក្នុងប្រទេសកម្ពុជា បានសម្ពោធដាក់ដំណើរការជាផ្លូវការកាលពីថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ មជ្ឈមណ្ឌលនេះ មានទីតាំងក្នុងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ស្ថិតនៅលើផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕