(ព្រះវិហារ)៖ ព្រោះភ្លើងប្រច័ណ្ឌបានដុតបញ្ឆេះកំហឹងមន្ត្រីយោធានៅវរៈសេនាតូច៣៩៣ ឲ្យឆាបឆេះឡើងបាត់អស់សតិទាញកាំភ្លើងអាកា (AK) បាញ់សម្លាប់ភរិយាទើបរៀបការបាន៥ថ្ងៃ រួចបាញ់បញ្ចប់ជីវិតខ្លួនឯងជាក្រោយ។ ហេតុការណ៍ដែលនឹកស្មានមិនដល់ និងធ្វើឲ្យមានការហួសចិត្តពីសំណាក់ប្រជាពលរដ្ឋទូទៅនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងអង្គភាពវរ:សេនាតូចលេខ៣៩៣ ភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកវរៈសេនីយ៍ត្រី ឱ សេង អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថាហេតុការបង្កឲ្យមានអំពើហឹង្សានេះ បណ្ដាលមកពីភ្លើងប្រចណ្ឌ័ទើបធ្វើឲ្យមានទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួចរវាងប្តីប្រពន្ធដែលទើបនឹងរៀបការបានរយៈពេល៥ថ្ងៃ។
លោកអធិការបន្តថា ក្រោយកើតមានទំនាស់ពាក្យសម្តី បានធ្វើឲ្យបុរសជាស្វាមីស្ទុះយកកាំភ្លើង Ak ស្វាយបត់បាញ់ទៅលើស្ត្រីរងគ្រោះជាភរិយាចំនួនពីរគ្រាប់ស្លាប់ភ្លាមៗ រួចហើយក៏បាញ់បញ្ចប់ជីវិតខ្លួនតាមក្រោយផងដែរ។
ស្ត្រីជាភរិយាមានឈ្មោះ អ៊ុយ សុខដុម អាយុ ១៦ ឆ្នាំ មុខរបរកសិក រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ដោយឡែកបុរសជាស្វាមីមានឈ្មោះ វង្យ តុល អាយុ ៣២ឆ្នាំ បម្រើការនៅក្នុងអង្គភាពវរះសេនាតូច៣៩៣ ចំណុះអោយកងពលតូចអន្តរាគមន៍លេខ៩។
ក្រោយកើតហេតុសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តបានចុះពិនិត្យ និងធ្វើកោសល្យវិច្ចយលើសាកសពទាំងពីរអ្នកប្តីប្រពន្ធ និងបានសន្និដ្ឋានថាពិិតជាស្លាប់ដូចការរៀបរាប់ខាងលើពិតប្រាកដមែន ហើយបានប្រគល់សពទាំង២នាក់ប្តីប្រពន្ធឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕