(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគបើករោងចក្រផលិតកាបូបចំនួន៤ថ្មីទៀត សរុបទុនវិនិយោគជាង១៥លានដុល្លារអាមេរិក បង្កើតការងារជូនពលរដ្ឋខ្មែររាប់កន្លែងថែមទៀត។
យោងតាម Facebook របស់ CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន SHINING (CAMBODIA) BELT & BAG CO.,LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូត៍ A ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៥កន្លែង។
២៖ ក្រុមហ៊ុន FIDELITY (CAMBODIA) HANDBAG FACTORY CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាកែ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៤៥កន្លែង។
៣៖ ក្រុមហ៊ុន PARTAGE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៦៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០៥៩កន្លែង។
៤៖ ក្រុមហ៊ុន JIN BAO LI (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងគ្រឿងបន្សំកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១២២កន្លែង។
សូមជម្រាបថា កាលពីខែមករាកន្លងទៅនេះ CDC បានអនុម័តគម្រោងវិនិយោគបើករោងចក្រចំនួន១៣រួចហើយ សរុមទឹកប្រាក់ជិត៧០លានដុល្លារបង្កើតការងាររាប់ម៉ឺនកន្លែង។ គួរគត់សម្គាល់ឃើញថា រយៈពេលចុងក្រោយនេះ ភាគច្រើនរោងចក្រផលិតកាបូប ត្រូវបានបើកដំណើរការនៅកម្ពុជា ដែលអាចផលិតនាំចេញទៅសហរដ្ឋអាមេរិកដោយមិនគិតពន្ធឡើយ៕