(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ១៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជអំណោយជាថវិកាចំនួន ៥,០០០ដុល្លារ (ប្រាំពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធម៌។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលប្រគេនថ្វាយព្រះពរ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ដែលព្រះអង្គបានប្រទានព្រះរាជអំណោយគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងការរួមចំណែកសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ ជំនួសមុខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន លោកស្រីអគ្គលេខាធិការរងទី ១ បានប្រគេនថ្វាយព្រះពរ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយ៉ឺនយូរ ដើម្បីជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា បានគង់វង្សយូរអង្វែងតទៅ៕