(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំប្រតិភូបំពេញបេសកកម្មដោយជោគជ័យ នៅក្នុងសន្និសីទពានរង្វាន់ព្រះអង្គម្ចាស់ម៉ាហ៊ីដុល ឆ្នាំ២០១៩ លើប្រធានបទ «នយោបាយសេដ្ឋកិច្ចនៃជំងឺមិនឆ្លង» វិធីដោះស្រាយសង្គមទាំងស្រុង ដែលបានរៀបចំឡើងនៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
លោកទេសរដ្ឋមន្រ្តីត្រូវបានសន្និសីទពានរង្វាន់ព្រះអង្គម្ចាស់ម៉ាហ៊ីដុល ឆ្នាំ២០១៩ អញ្ជើញឱ្យធ្វើបទបង្ហាញជូនសមាជិកសមាជិកាសន្និសីទ កាលពីថ្ងៃទី៣០ ខែមករា និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ លើមេរៀនជាបទពិសោធន៍ពីការធ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
ក្នុងនោះលោកបានបញ្ជាក់ថា ការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាគឺតាំងពីពេលចាប់ផ្តើម សម្តេចតេជោ នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ឱ្យធ្វើការឆ្លើយ តបពីក្បាលដល់ចុងជើង គឺមានន័យគ្រប់គ្នាធ្វើការឆ្លើយតប និងធ្វើជាលក្ខណៈពហុវិស័យ។ ក្នុងរយៈពេល ជាង២៨ឆ្នាំកន្លងទៅនេះ ថវិកាចំណាយក្នុងការឆ្លើយតបនឹងជំងឺអេដស៍មានប្រមាណ ៨០០លានដុល្លារអាមេរិក។ ជាលទ្ធផល កម្ពុជាបានជោគជ័យក្នុងការបង្ការមិនឱ្យមនុស្ស ៩សែននាក់ឆ្លង និងបញ្ចៀសមនុស្ស ៦សែននាក់មិនឱ្យស្លាប់ពាក់ព័ន្ធនឹងជំងឺអេដស៍។ នេះជាជោគជ័យដ៏ធំធេងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ប្រទេស។
លោកទេសរដ្ឋមន្រ្តីបានបន្តថា កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេស៧នៅលើសកលលោក (ប្រទេសបុតស្វាណា កម្ពុជា ដាណឺម៉ាក អីុស្លង់ សិង្ហបុរី ស៊ុយអ៊ែត និងអង់គ្លេស) ដែលបានជោគជ័យជាងគេក្នុងការសម្រេចបានគោលដៅ ៩០-៩០-៩០ នៅឆ្នាំ ២០១៧ (៩០%នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពជំងឺអេដស៍របស់ខ្លួន ៩០% នៃអ្នកដឹងពីស្ថានភាពជំងឺបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩០% នៃអ្នកបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍ទាបបំផុតនៅក្នុងឈាម)។ ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាបញ្ចប់ការចម្លងមេរោគអេដស៍នៅឆ្នាំ២០២៥ គឺមុនការប្តេជ្ញាចិត្តរបស់ពិភពលោករយៈពេល៥ឆ្នាំ។
នៅក្នុងស្ថានភាពបច្ចុប្បន្នដែលជំនួយពីប្រភពខាងក្រៅបន្តធ្លាក់ចុះ ការផ្តល់ហិរញ្ញវត្ថុពីថវិកាជាតិបាននិងកំពុងបង្កើន។ ក្នុងនោះ យើងមានការលំបាកក្នុងការស្វែងរកអ្នកជំងឺអេដស៍១ម៉ឺននាក់ដែលបាត់មិនបានចូលក្នុងប្រព័ន្ធព្យាបាល ថវិកាសម្រាប់ប្រព័ន្ធសុខាភិបាលមានភាពរាយប៉ាយ មិនមានការផ្តល់ថវិកាដល់អង្គការសង្គមស៊ីវិល និងការគំរាមកំហែងពីជំងឺមិនឆ្លងផងដែរ។ ប៉ុន្តែយើងមានការជឿជាក់ ក្នុងការឈានទៅលុប បំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ ដោយកម្ពុជាមាននូវ ឆន្ទៈនយោបាយដ៏មោះមុត និងសមត្ថ ភាពបច្ចេកទេស សេដ្ឋកិច្ចបន្តនូវកំណើនដែលមាននូវលំហថវិកា និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍គឺជាជើងឯកក្នុងការធ្វើចលនាប្រភពធនធាន។
ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោជាប្រមុខបាន ប្តេជ្ញាធ្វើឱ្យសម្រេចនូវការផ្តល់សេវាសុខាភិបាលជាសកលតាមរយៈគម្រោងគាំពារសង្គមផងដែរ។ គោលនយោបាយគាំពារសង្គម ឆ្នាំ២០១៦-២០២៦ គឺជាចក្ខុវិស័យរយៈពេលវែងដែលរាជជរដ្ឋាភិបាលបង្កើតឡើងដើម្បីឱ្យមានប្រព័ន្ធមួយដែលមានប្រសិទ្ធភាព និរន្តរភាព និងជាឧបករណ៍ក្នុងការកាត់បន្ថយភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព។
មេរៀនដែលជាបទពិសោធន៍ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍អេដស៍នៅកម្ពុជា ដែលលោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ជូនសន្និសីទគឺថា៖
១- ការព្យាបាល និងថែទាំអ្នកជំងឺអេដស៍ត្រូវបានធ្វើវិមជ្ឈការ
២- ជោគជ័យនៅក្នុងការផ្តល់ឱសថប្រឆាំងមេរោគអេដស៍គឺបានធ្វើឡើងតាមរយៈវិធីសាស្រ្តប្រាកដនិយម
៣- តួនាទីរបស់អង្គការសង្គមស៊ីវិល និងវិស័យឯកជនគឺត្រូវបានធ្វើឱ្យមានចីរភាព និងធានាសិទ្ធិខាងសុខភាព និងសមធម៌ និង
៤- វិធីសាស្រ្តយកមនុស្សជាស្នូលនៃបញ្ហាត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធសុខាភិបាលមួយដែលមានភាពទូលាយ (មិនទុកចោលនរណាម្នាក់)៕