(ភ្នំពេញ)៖ លោកបណ្ឌិត Mohammad Najib ប្រធានទំនាក់ទនងកិច្ចការបរទេស របស់សមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមឥណ្ធូណេស៊ី និងសហការី អញ្ជើញជួបពិភាក្សាការងារ ជាមួយលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសហភាពបញ្ញវន្តមុស្លិមកម្ពុជា ក្នុងនេះក៏មានវត្តមានរបស់សមាជិក សមាជិកា នៃសហភាពបញ្ញវន្តមុស្លិមកម្ពុជាជាច្រើនរូបផងដែរ។
ជំនួបពិភាក្សានេះ បានផ្តោតសំខាន់ទៅលើ កិច្ចប្រជុំលើកទី២ ដើម្បីសម្រេចបន្ថែម ប្រទេសមួយចំនួនទៀតក្នុងអាស៊ីអាគ្នេយ៍ ចូលជាសមាជិក និងសមាជិក សង្កេតការណ៍របស់សមាគមសម្ព័ន្ធបញ្ញវន្តមុស្លីមអាស៊ីអាគ្នេយ៍ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្រោយពីសមាគមនេះ ត្រូវបានប្រកាសបង្កើតជារូបរាង ក្នុងកិច្ចប្រជុំមួយ នៅទីក្រុងឡាំប៉ុង ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃ៦-៨ ខែធ្នូ ២០១៨ ក្រោមអធិបតីភាព ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo។
លោក Dr Mohammad Najib បានបញ្ជាក់ថា ការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ មិនមែនក្នុងហេតុផលមួយសំដៅដល់ការលើកកម្ពស់ នៅក្នុងក្របខ័ណ្ឌសហគមន៍ឥស្លាមតែប៉ុណ្ណោះទេ ប៉ុន្តែវាជាការជំរុញដល់បញ្ញវន្តមុស្លីមក្នុងប្រទេសអាស៊ីអាគ្នេយ៍ ធ្វើជាកម្លាំងចលករដ៏សំខាន់របស់ជាតិ ដើម្បីចូលរួមក្នុងការលើកកម្ពស់ធនធានមនុស្ស សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេស ព្រមទាំងពង្រឹងទំនាក់ទំនងរវាងស្រទាប់បញ្ញវន្ត ដែលជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសសមាជិក។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំខាងមុខ ដែលគ្រោងនឹងធ្វើការរៀបចំនាចុងខែមីនា ២០១៩នេះ ហើយលោកបានស្នើឲ្យភាគីឥណ្ឌូណេស៊ី ជាប្រទេសផ្តួចផ្តើមបង្កើតសមាគមនេះមុនគេ សូមពន្លឿនពង្រាងលក្ខន្តិក ដើម្បីផ្តល់ជូនប្រទេសសមាជិក ជាពិសេសកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ក៏ត្រូវការពិនិត្យឲ្យបានហ្មត់ចត់ ដើម្បីឯកភាពលើសេចក្តីព្រាង មុននឹងរៀបចំអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់ និងភាគីចាំបាច់ចូលរួមក្នុងកិច្ចប្រជុំ៕