(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់សហរដ្ឋអាមេរិក រឿងគេចវេសមិនទទួលស្គាល់ក្នុងការគាំទ្រសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ឆ្នាំ១៩៧០នោះ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រធានអង្គភាពដោះមីនឈានមុខនៅកម្ពុជា បានចេញមកឆ្លើយតបទៅអាមេរិកវិញ ដោយប្រាប់ឲ្យមហាអំណាច សូមកុំបន្ថែមការឈឺចាប់ឲ្យកូនខ្មែរបន្តទៀត ខ្មែរមិនល្ងង់ខ្លៅដល់ថ្នាក់មិនដឹងអ្វីថា សង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់នោះទេ ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ថា សូមកុំបន្ថែមការឈឺចាប់ឱ្យកូនខ្មែរបន្តទៀត។ ថ្មីៗមានអត្ថបទឆ្លេីយឆ្លងគ្នាជាច្រេីន និយាយពីរដ្ឋប្រហារឆ្នាំ១៩៧០ ការទំលាក់គ្រាប់បែក និងគ្រាប់មីនជាដេីម។ ដោយមានអត្ថបទខ្លះខិតខំបោសសំអាតខ្លួនថា គ្មានភស្តុតាង ឬអ្វីៗឡេីយសំរាប់ជាការដាក់បន្ទុក តែមានភស្តុតាងសំរាប់អ្នកគាំទ្ររបបខែ្មរក្រហម។
លោកលើកឡើងថា ប្រជាជនកម្ពុជាមានបញ្ញានិងសតិគ្រប់គ្រាន់ក្នុងការយល់ដឹងហេតុការណ៍ទាំងឡាយ។ សូមឲ្យមានទង្វេីប្រកបដោយការទទួលខុសត្រូវ និងសីលធម៌ជាមនុស្សខ្លះផងចំពោះទង្វេីរបស់ខ្លួន ដេីម្បីចៀសវាងការបង្កេីតនូវប្រវតិ្តសាស្ត្រច្រំដែលមានមកលេីប្រទេសនិងប្រជាជនដ៏កំសត់មួយនេះ។
លោក ហេង រតនា បន្ថែមទៀតថា ស្តីពីគ្រាប់មីនដែលបានប្រេីប្រាស់ និងរកឃេីញគឺមានចំរុះគ្នាមានផលិតនៅប្រទេសអឺរ៉ុបខាងកេីត អឺរ៉ុបខាងលិច ចិន រុស្សី សហរដ្ឋអាមេរិក វៀតណាម ជាដេីម។ ល។ មានប្រមាណជា៤-៥លានគ្រាប់។ ជាមួយនេះគ្រាប់ទម្លាក់ពីយន្តហោះគឺមានពីសហរដ្ឋអាមេិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី Johnson ចាប់ពីឆ្នាំ១៩៦៥ បានទំលាក់គ្រាប់បែកលេីទឹកដីកម្ពុជាចំនួន៤៧៥,៥១៥តោន (ជិតកន្លះលានតោន) ហេីយ ក្នុងរដ្ឋបាលលោកប្រធានាធិបតី Richard Nixon ចាប់ពីឆ្នាំ១៩៦៩បានបញ្ជាដាច់ណាត់ឲ្យទំលាក់គ្រាប់បែកសម្លាប់អ្វីៗដែលមានជីវិតដោយកុំឲ្យកងទព័ខ្វល់ពីអ្វីទាំងអស់ដោយរួមទាំងការចំណាយផង។
លោកលើកឡើងថា ការទម្លាក់គ្រាប់បែកក្នុងរដ្ឋបាលលោក Nisxon កាន់តែខ្លាំងក្លា មានចំនួនប្រមាណជាង២លានតោនក្នុងរយៈពេល៥ឆ្នាំ (១៩៦៩-១៩៧៣)។ នាំឲ្យទិដ្ឋន័យសរុបមានចំនួនជាង២លាន៨សែនតោនក្នុងរយៈពេលថ្ងៃទី០៤ តុលា ឆ្នាំ១៩៦៥ ដល់ឆ្នាំ ១៥ សីហា ឆ្នាំ១៩៧៣ ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង២៨លានគ្រាប់ និងគ្រាប់បែកគីមី(គ្មានកំណត់ត្រានៅឡេីយទេ)។ សុំបញ្ជាក់ថា តួលេខនេះមិនទាន់ពេញលេញទេ។
លោកបន្តទៀតថា ករណីលេីកឡេីងបញ្ហាណាមួយគប្បីគិតដល់អារម្មណ៍ការឈឺចាប់ខ្លោចផ្សារ វិនាសព្រាត់ប្រាស់ រលាយសាបសូន្យនូវអាយុជីវិតប្រជាជនកម្ពុជាខ្លះផង។ វប្បធម៌ទំលាក់កំហុសឲ្យគ្នាទៅវិញទៅមក មេីលមកកូនខែ្មរ និងទឹកដីអង្គរដ៍បវរនេះគ្រាន់តែទីលានសាកល្បងគ្រាប់ និងលេងសេីចមែនទេ? ។ ឈាម និងទឹកភ្នែកកូនខែ្មរនៅបន្តហូរនៅឡេីយ ការបែកបាក់ក្រុមគ្រួសារនៅតែរកគ្នាមិនទាន់ឃេីញនៅមានជាហូរហែរនៅឡេីយ។
លោកអគ្គនាយកបញ្ជាក់ទៀតថា «សូមកុំយល់ច្រឡុំថា ជាតិសាសន៍នេះល្ងង់ខ្លៅមិនដឹងខ្យល់ស្អីនោះ សូម្បីតែសង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់ក៏មិនដឹងដែរនោះ!។ យេីងគួររួមគ្នាទទួលយកការពិត និងខិតខំសហការគ្នាដេីម្បីព្យាបាលរបួស និងការឈឺចាប់ទាំងនោះ រក្សាសន្តិភាពនិងអនាគតរុងរឿង ព្រមទាំងចៀសវាងដាច់ខាតបង្កេីតប្រវត្តិសាស្ត្រជាកំហុសច្រំដែល»។
សូមជម្រាបថា ថ្មីៗនេះស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធ នៅក្នុងរដ្ឋប្រហារដែលនាំឲ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ ប៉ុន្តែមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហម។
ឆ្លើយតបនឹងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ, ដោយមិនរង់ចាំយូរស្ថានទូតមហាអំណាចចិនប្រចាំនៅកម្ពុជា បានលើកឡើងវិញថា រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើង សង្រ្កាមរ៉ាំរ៉ៃ អស់រយៈពេលយ៉ាងយូរនោះ មានទាក់ទងនឹង CIA នេះបើយោងតាមការលើកឡើងតាមរយៈ Facebook ផ្លូវការរបស់ស្ថានទូតចិន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
«ក្នុងពេលថ្មីៗនេះស្ថានទូតប្រទេសមហាអំណាចមួយប្រចាំកម្ពុជា បានលើកឡើងជាសាធារណៈថា ប្រទេសខ្លួនមិនមានជាប់ទាក់ទងអ្វីជាមួយនឹងរដ្ឋប្រហាសម័យ លន់ នល់ នៅក្នុងប្រទេសកម្ពុជា កាលពីដើមទសវត្សរ៍ទី៧០ នៃសតវត្សរ៍មុនទេ។ ជាការពិតណាស់ រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្កាមរ៉ាំរៃអស់រយៈពេល យ៉ាងយូរនោះមិនមាន ទំនាក់ទំនងអ្វីនឹង “US” ទេ ប៉ុន្តែមានទាក់ទងនឹង ”CIA”»។ នេះជាខ្លឹមសាររបស់ស្ថានទូតមហាអំណាចចិន ប្រចាំនៅកម្ពុជា បង្ហាញនៅលើ Facebook ផ្លូវការរបស់ខ្លួន៕