(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានទទួលជួបលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ រួមទាំងប្រធានបទផ្សេងៗទៀត។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងអំណរអរគុណ ជូនចំពោះរដ្ឋាភិបាលបារាំង ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជារួម និងដោយឡែកការអភិវឌ្ឍវិស័យកសិកម្ម។
ជំនួយឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសរបស់រដ្ឋាភិបាលបារាំង បានចូលរួមចំណែកធ្វើឲ្យវិស័យកសិកម្ម មានការរីកចម្រើន គួរឲ្យមោទនភាព លោករដ្ឋមន្រ្តី សង្ឃឹមថា រដ្ឋាភិបាលបារាំង នឹងបន្តជួយអភិវឌ្ឍវិស័យ កសិកម្មបន្ថែមទៀត ជាពិសេសដល់វិស័យកៅស៊ូគ្រួសារ ឲ្យកាន់តែមានការរីកចម្រើនសមស្រប តាមនិន្នាការរីកចម្រើនផ្នែកសេដ្ឋកិច្ច កំណើនប្រជាជន និងការប្រកួតប្រជែងទីផ្សារ។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើង ពីចំណាប់អារម្មណ៍របស់លោកស្រី ទាក់ទងនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនលើវិស័យកសិកម្ម ដែលបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ កែលម្អកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។
លោកស្រីបានបន្តថា ជំនួបនាពេលនេះ គឺជាឱកាសនៃការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ល្អៗ និងធ្វើការសិក្សា លើកទិសដៅបន្តអនុវត្តគម្រោង ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ទោះជាយ៉ាងណា លោកស្រី ថានឹងខិតខំ ផ្តល់កិច្ចសហការបន្ថែមទៀត ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ឲ្យមានការរីកចម្រើនសមស្រប តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនេះដែរ ភាគីទាំងពីរ ក៏បានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាផងដែរជាអាទិ៍៖
ទី១៖ ការអភិវឌ្ឍវិស័យកៅស៊ូគ្រួសារ
ទី២៖ ការធ្វើឲ្យប្រសើរឡើង នូវហេដ្ឋរចនាសម្ព័ន្ធគាំទ្រដល់វិស័យស្រូវ អង្កកម្ពុជា
ទី៣៖ ការលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ការកែច្នៃ ការវេចខ្ចប់ ការធានាគុណភាព សុវត្ថិភាព អនាម័យ និងភូតគាមអនាម័យ (SPS) ឆ្លើយតបតាមនិយាមក្នុងតំបន់ និងនៅលើពិភពលោក
ទី៤៖ ការលើកកម្ពស់ប្រសិទ្ធភាព នៃការប្រើប្រាស់ដីកសិកម្មឲ្យមាននិរន្តរភាព
និងទី៥៖ វិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនជ្រូកអាហ្វិច (African Swine Fever)៕