(សៀមរាប)៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកវរៈសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាតំណាងលោកឧត្តមសេនីយទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទនាំថវិកា និងចុះសួរសុខទុក្ខមន្ត្រីនគរបាល២រូប នៅស្រុកពួក និងនៅក្រុងសៀមរាប ដែលកំពុងជួបការលំបាកក្នុងជីវភាព។
លោកវរៈសេនីយ៍ឯក ជឹម សុវណ្ណ បានថ្លែងថា ដោយថ្នាក់ដឹកនាំនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកមើលឃើញពីទុក្ខលំបាករបស់មន្ត្រីនគរបាលទាំងពីររូប និងប្រសាសន៍ណែនាំរបស់លោកស្នងការនគរបាលខេត្ត ទើបរូបគាត់ និងមន្ត្រីក្រោមឱវាទនាំយកថវិកាជាសណ្តានចិត្តមួយចំនួនទៅជូនមន្ត្រីនគរបាលទាំងពីររូបនេះ។
មន្ត្រីនគរបាលដែលកំពុងជួបការលំបាកក្នុងជីវភាពនេះ រួមមាន៖ កញ្ញាព្រិនបាលទោ លី សុក្ខះ ជាមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដែលផ្ទះរបស់ក្រុមគ្រួសារកញ្ញា ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតអស់ទាំងស្រុង កាលពីរាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ នៅភូមិកំពង់តាយ៉ង ឃុំពួក នៅក្នុងស្រុកពួក។
ដោយឡែកលោកអនុសេនីយ៍ឯក សែង ចំរើន នាយរងផ្នែកអន្ដរាគមន៍ នៃស្នងការនគរបាលខេត្ត កំពុងមានជំងឺប្រចាំកាយ។ លោក សែង ចំរើន មានលំនៅដ្ឋាននាភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប៕