(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃស្រែពក ជា៤តំបន់ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍សម្រាប់ បម្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាព។ តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែកពក មានទីតាំងភូមិសាស្ត្រ ក្នុងខេត្តមណ្ឌលគិរី ដែលមានផ្ទៃដីសរុបជិត៤សែនហិកតា។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃស្រែពកជា ៤តំបន់ ក្នុងគោលបំណងធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក៏ដូចជាការលើកកម្ពស់ចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែក ដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ ព្រមទាំងធានាឱ្យមានការថែទាំសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីផ្សេងៗ។
លោកបន្តថា ក្រោយពីការបែងចែកតំបន់គ្រប់គ្រងនេះ ក្រសួងបរិស្ថានជឿជាក់ថា នឹងធ្វើឱ្យការការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់នោះ កាន់តែមានប្រសិទ្ធភាពហើយនឹងកាត់បន្ថយបានច្រើន លើបទល្មើសធនធានធម្មជាតិ និងការបរបាញ់សត្វព្រៃខុសច្បាប់ពីសំណាក់ក្រុមជនខិលខូច។
យោងតាមអនុក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា តំបន់ស្នូលទាំង៤នោះរួមមាន៖
១៖ តំបន់ស្នូល មានចំនួន២ទីតាំង មានផ្ទៃដីសរុប១៨៧,៦៣១ហិកតា រួមមាន តំបន់ស្នូលទី១ មានភូមិសាស្ត្រស្ថិតនៅឃុំអរបួន លើឃុំណងឃីឡឹក ឃុំស្រែហ៊ុយ ឃុំស្រែសង្គម នៃស្រុកកោះញែក និងនៅភូមិសាស្ត្រឃុំក្រង់តេ ឃុំពូជ្រៃនៃស្រុកពេជ្រាដា និងតំបន់ស្នូលទី២ មានភូមិសាស្រ្តស្ថិតនៅឃុំសុខសាន្ត និងឃុំពូជ្រៃ និងគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់ កណ្តាលស្រោង ព្រៃល្បះដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២។
២៖ តំបន់អភិរក្ស មានចំនួន៤ទីតាំង មានផ្ទៃដីសរុប៧៥,៦៣១ហិកតារួមមាន តំបន់អភិរក្សទី១ មានភូមិសាស្ត្រស្ថិតនៅឃុំណងឃីឡឹក និងឃុំស្រែហ៊ុយ, តំបន់អភិរក្សទី២ មានភូមិសាស្រ្តស្ថិតនៅឃុំស្រែសង្គម ឃុំអរបួនលើ និងឃុំសុខសាន្ត, តំបន់អភិរក្សទី៣ មានភូមិសាស្ត្រស្ថិតនៅឃុំពូជ្រៃ និងតំបន់អភិរក្សទី៤ មានភូមិសាស្ត្រស្ថិតនៅឃុំក្រង់តេ។ តំបន់អភិរក្សភាគច្រើន ស្ថិតនៅជុំវិញតំបន់ស្នូល និងមួយផ្នែកស្ថិតនៅជាប់ដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមាននិយាមកាក្នុង
ឧបសម្ព័ន្ធ២។
៣៖ តំបន់ប្រើប្រាស់ដោយចីរភាព មានចំនួន៨ទីតាំងមានផ្ទៃដីសរុប៦៥,៧១៧ហិកតារួមមាន តំបន់ប្រើប្រាស់ដោយចីរភាពទី១ និងទី២មានភូមិសាស្ត្រ ស្ថិតនៅឃុំអរបួនលើ និងឃុំណងឃីឡឹក តំបន់ប្រើប្រាស់ដោយចីរភាព, ទី៣មានភូមិសាស្ត្រស្ថិតនៅឃុំស្រែហ៊ុយ ឃុំស្រែសង្គម និងឃុំសុខសាន្ត, តំបន់ប្រើប្រាស់ដោយចីរភាពទី៤ ទី៥ និងទី៦មានភូមិសាស្ត្រស្ថិតនៅឃុំពូជ្រៃ និងតំបន់ប្រើប្រាស់ដោយចីរភាពទី៧និងទី៨ មានភូមិសាស្ត្រស្ថិតនៅឃុំក្រង់តិះ ដែលមាននិយាមកា ក្នុងឧបសម្ព័ន្ធ២។
៤៖ តំបន់សហគមន៍ មានចំនួន៧ទីតាំង មានផ្ទៃដីសរុប៤៣,៩៩២ហិកតារួមមាន តំបន់សហគមន៍ទី១ មានភូមិសាស្ត្រស្ថិតនៅឃុំអរបួនលើ និងឃុំណងឃីឡឹក, តំបន់សហគមន៍ទី២ មានភូមិសាស្ត្រស្ថិតនៅឃុំណងឃីឡឹក, តំបន់សហគមន៍ទី៣ មានភូមិសាស្ត្រស្ថិតនៅឃុំណងឃីឡឹក ឃុំរយ៍ ឃុំស្រែហ៊ុយ ឃុំស្រែសង្គម និងឃុំសុខសាន្ត, តំបន់សហគមន៍ទី៤ មានភូមិសាស្ត្រស្ថិតនៅឃុំស្រែសង្គម តំបន់សហគមន៍ទី៥ មានភូមិសាស្ត្រស្ថិតនៅឃុំពូជ្រៃ, តំបន់សហគមន៍ទី៦ មានភូមិសាស្ត្រស្ថិតនៅឃុំពូជ្រៃ និងឃុំក្រង់តេ និងតំបន់សហគមន៍ទី៧ មានភូមិសាស្ត្រស្ថិតនៅឃុំក្រង់តេ ដែលមាននិយាមកាក្នុងឧបសម្ព័ន្ធ២៕