(ភ្នំពេញ)៖ លោក សេរី កុសល ដែលបច្ចុប្បន្នជាសមាជិករដ្ឋសភា បានចេញមកច្រាននូវខ្លឹមសារសរសេរបង្ហោះនៅលើ Facebook ឈ្មោះ «Serei Kosal» ដែលត្រូវបានចោរបច្ចេកវិទ្យា (Haker) លួចយកទៅគ្រប់គ្រងតាំងពីឆ្នាំ២០១៧មកនោះ។
ការចេញមកច្រានចោលរបស់លោក សេរី កុសល បានធ្វើឡើងបន្ទាប់ពីក្រុមចោរបច្ចេកវិទ្យាដែលកំពុងគ្រប់គ្រងគណនីនេះ បានសរសេរថា «លឺតែថាអាមេរិចទំលាក់គ្រាប់បែកលើស្រុកខ្មែរ តែឆ្ងល់ត្រង់ថាហេតុអ្វី បានជារកឃើញតែគ្រាប់មីនចិននិងសូវៀតទៅវិញចឹង? គ្រាប់មីនមកពីចិននិងសូវៀត អ្នកដាក់ខ្មែរ អ្នកជាន់ក៏ខ្មែរ អ្នកជួយដោះមីនគឺ ពួកអាមេរិច ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង...។ ហើយឥឡូវនេះ មានខ្មែរមួយចំនួនខឹងនិងអ្នកជួយដោះមីនទៀត»។
សារក្នុង Facebook នេះ បន្តតថា «កាលពីជំនាន់ប៉ុលពត ខ្មែរធ្វើស្រែស្រូវយកទៅដូរគ្រាបមីនពីចិនសម្លាប់ខ្មែរ ខ្មែរឆាប់ភ្លេចខ្លួនឯង។ CMAC ប៉ាន់ប្រមាណថា មាននៅសល់គ្រាប់មីនចិន និង សូវៀត ប្រហែល៤ទៅ៦លានគ្រាប់ទៀតកប់ក្នុងដីប្រទេសកម្ពុជា»។
លោក សេរី កុសល បានលើកឡើងថា Facebook ដែលគេលួចយកទៅប្រើប្រាស់តាំងពីឆ្នាំ២០១៧នោះ យកមកវិញមិនទាន់បាននៅឡើយទេ។ លោក ក៏បានប្តឹងទៅក្រសួងមហាផ្ទៃឲ្យយក Facebook នេះមកវិញផងដែរ តែយកមិនទាន់បាននៅឡើយទេ។
លោក សេរី កុសល បានអះអាងថា ក្រុមចោរដែលលួច Facebook របស់លោកទៅគ្រប់គ្រងនេះ គឺជាមនុស្សរស់នៅសហរដ្ឋអាមេរិក ហើយជាមនុស្សគាំទ្រខ្មោចគណបក្សសង្គ្រោះជាតិ។ លោក កុសល ហៅក្រុមចោរទាំងនេះថា ជាក្រុមមនុស្សចោលម្សៀត ដែលធ្វើអ្វីគ្រប់យ៉ាងក្នុងចេតនាបំផ្លាញរូបលោក និងជាតិខ្មែរទាំងមូលមិនខុសពីសណ្តានជូរជាតិរបស់ក្រុមប្រឆាំងគ្មានដំបូលជ្រក៕