(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានអះអាងថា គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាមានភាពល្អប្រសើរមិនមានការជះឥទ្ធិពលខ្យល់អាក្រក់ពីបណ្តាប្រទេសជិតខាងនោះឡើយ។
ក្រសួងបរិស្ថាន បានគូសបញ្ជាក់នៅលើ Facebook ថា «រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅប្រទេសកម្ពជាមិនមានផលប៉ះពាល់ណាមួយពីឥទ្ធិពលដែលកើតនៅប្រទេសជិតខាងទេ។ មន្ត្រីជំនាញក្រសួងបរិស្ថានបានធ្វើការតាមដានជាប្រចាំ និងធ្វើការវាយតម្លៃរៀងរាល់ ២៤ម៉ោងម្តង ដើម្បីតាមដានគុណភាពខ្យល់»។
ក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំមានការព្រួយបារម្ភអ្វីឡើយ ហើយក្រសួងនឹងផ្តល់ព័ត៌មានជាប្រចាំប្រសិនបើមានបញ្ហាអ្វីមួយគួរកត់សម្គាល់ពាក់ព័ន្ធនឹងគុណភាពខ្យល់នោះ។
ការចេញមុខបញ្ជាក់ពីស្ថានភាពខ្យល់នេះរបស់ក្រសួងបរិស្ថាន ធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយសារសំឡេងតាមរយៈ Facebook ដោយមានការអះអាងថា ប្រទេសកម្ពុជា កំពុងរងឥទ្ធិពលខ្យល់ក្នុងអាកាសមិនល្អពីប្រទេសថៃ។
សូមបញ្ជាក់ថា ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះទីក្រុងបាងកក និងខេត្តចំនួន៤របស់ថៃមានដូចជា ខេត្តសាមុទ្របាកាន សមុទ្រសាខន នន្ទបុរី និងខេត្តណាខនប៉ាធុម បានជួបនូវបញ្ហាខ្យល់ពុល បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាខ្លាំង ជាពិសេសគឺផ្លូវដង្ហើម រហូតអាជ្ញាធរបានប្រកាសឲ្យសាលារៀន និងគ្រឹះស្ថានអប់រំមួយចំនួន បិទដំណើរការបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពសុខភាពកុមារ និងសិស្សនិស្សិត។
បញ្ហានេះបាននាំឲ្យមានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋខ្លាចឥទ្ធិពលខ្យល់អាក្រក់នេះធ្លាក់មកដល់ប្រទេសកម្ពុជា។ តែពេលនេះត្រូវក្រសួងបរិស្ថានបញ្ជាក់ហើយ គឺគុណភាពខ្យល់នៅកម្ពុជានៅតែមានភាពល្អប្រសើរមិនការបង្កបញ្ហាដល់សុខភាពប្រជាពលរដ្ឋឡើយ៕