(ភ្នំពេញ)៖ ព្រឹកថ្ងែចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ។

ក្នុងកិច្ចប្រជុំនេះក៏មានវត្តមានចូលរួមពីប្រធាន, អនុប្រធាន, សមាជិកនៃគណៈកម្មាធិការ, តំណាងក្រសួងយុត្តិធម៌, តំណាងក្រសួងរ៉ែនិងថាមពល, អគ្គនាយក អគ្គនាយកដ្ឋានអន្តោប្រវេសន៍,ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ, នាយទាហាននៃកងយោធពលខេមរភូមិន្ទ នាយនគរបាលជាតិ និងនាយទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនោះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាដាក់ចេញផែនការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាក់ស្តែង ដូចខាងក្រោម៖

១៖ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព នូវបទល្មើសធនធានធម្មជាតិមាន ដូចជា ការកាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូនឈើ និងការនាំចេញឈើដោយខុសច្បាប់ ការបាញ់ការចាប់សត្វព្រៃ ដែលច្បាប់ហាមឃាត់ និងការនាំចេញសត្វព្រៃដោយខុសច្បាប់ ការកាប់រានទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋ ព្រមទាំងការរុករករ៉ែដោយខុសច្បាប់ ទូទាំងប្រទេស។

២៖ អង្កេត ស្រាវជ្រាវរកជនដែលប្រព្រឹត្តបទល្មើស និងជនដែលមានការពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូននាំចេញឈើល្មើសច្បាប់ ក៏ដូចជាជនដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

៣៖ ដើម្បីចាប់ខ្លួនជនសង្ស័យ និងប្រមូលផ្តុំរាល់វត្ថុតាងដែលទាក់ទងជាមួយបទល្មើសធនធានធម្មជាតិ
ហើយរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការស្របតាមនីតិវិធីនៃច្បាប់ដែលចូល
ជាធរមាននៅក្នុងប្រទេសកម្ពុជា។

៤៖ ប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ បង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសធនធានធម្មជាតិ ដែលអាចនឹងកើតមានឡើង ជាពិសេសនៅបណ្តាខេត្តភូមិភាគឦសាន។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសំណូមពរ ដល់ក្រុមការងារគណៈកម្មាធិការថ្នាក់ជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ដូចខាងក្រោម៖

១៖ គ្រប់បណ្តាអង្គភាពដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវប្រមូលផ្តុំកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងចាត់ចែងគ្រប់វិធានការជំនាញ ដើម្បីចូលរួមសហការ អនុវត្តន៍ផែនការនេះឲ្យសម្រេចបានជោគជ័យ។

២៖ សហការគ្រប់បណ្តាអង្គភាពជំនាញទាំងអស់ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងប្រើប្រាស់គ្រប់យន្តការ គ្រប់មធ្យោបាយ ដើម្បីច្បាមឲ្យជាប់នូវរាល់សភាពការណ៍ព័ត៌មាន ដែលទាក់ទងទៅនឹងបទល្មើសធនធានធម្មជាតិ។ ហើយតាមរយៈព័ត៌មានដែលទទួលបាននេះ ត្រូវមើលឲ្យឃើញ និងវិភាគឲ្យបានច្បាស់ មុននឹងចាត់វិធានការបង្ក្រាបបទល្មើស និងចាប់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿង
បញ្ជូនទៅតុលាការ។

៣៖ គ្រប់បណ្តាអង្គភាពដែលមានការពាក់ព័ន្ធ ត្រូវត្រួតពិនិត្យជាប្រចាំ មេបញ្ជាការទទួលខុសត្រូវគ្រប់គ្រង
កម្លាំងត្រៀមបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងមធ្យោបាយ គ្រឿងបំពាក់ត្រូវមានគ្រប់លទ្ធភាព
ដើម្បីធានាឆ្លើយតបទៅនឹងគោលបំណងខាងលើ។

៤៖ មេបញ្ជាការគ្រប់បណ្តាអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ និងចូលរួមសហការក្នុងការអនុវត្ត
ផែនការនេះ ឲ្យសម្រេចបានជោគជ័យ៕